ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋខ្មែររាប់មុឺននាក់ បានសំរុកធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់បណ្តាខេត្ត ដែលជាស្រុកកំណើតរៀងៗខ្លួនពិសេសបានទៅដើរលេងកម្សាន្តសប្បាយនៅតាមទីវត្តអារាមដែលរៀបចំសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ គ.ស ២០២៣ខាងមុខនេះ និងនៅតាមរមណីយ៍ដ្ឋានព្រមទាំងនៅតាមតំបន់ទេសចរណ៍មួយចំនួនផងដែរ។
ជាក់ស្ដែងជារៀងរាល់ឆ្នាំ ឱ្យតែដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌជាដើម ប្រជាពលរដ្ឋចំណាកស្រុក រស់នៅក្នុងរាជធានីភ្នំពេញ និងកម្មករ កម្មការិនី រាប់មុឺននាក់ តែងតែធ្វើដំណើរចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ស្រុកកំណើតរបស់ខ្លួន ដើម្បីជួបជុំក្រុមគ្រួសារនិងដើរកម្សាន្តសប្បាយទៅកាន់រមណីយ៍ដ្ឋានឬតំបន់ទេចរណ៍ជាច្រើនកន្លែងនៅទូទាំប្រទេសដែលខ្លួនចង់ទៅ ។
ជាមួយគ្នានោះដែរ ឧត្ដមសេនីយ៍ ស ថេត ស្នងការដ្ឋាននគរបាលភ្នំពេញ បានដាក់ចេញនូវផែនការច្បាស់លាស់ដោយមានការទទួលខុសត្រូវផ្ទាល់របស់លោក លោកស្រីស្នងការរង នាយការិយាល័យ អធិការខណ្ឌ និងប៉ុស្តិ៍នគរបាលទាំង១០៥ ដោយមានការបែងចែកតួនាទីភារកិច្ច និងការប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ដើម្បីត្រៀមក្នុងការចេញបង្ក្រាប ឬក៏សង្គ្រោះក្នុងករណីមានបទល្មើស ឬក៏ករណីអគ្គីភ័យផ្សេងៗកើតមានឡើងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះផងដែរ ៕
ដោយ ៖ ភារ៉ា ដង្កោ