ព័ត៌មានទាន់ហេតុការណ៍៖

នាយកដ្ឋានកណ្តាលសន្តិសុខ​ សូមធ្វើការក្រើនរំឭក​ដល់ពលរដ្ឋគ្រប់រូប ត្រូវបង្កើនការប្រុងប្រយ័ត្ន​ការពារទ្រព្យសម្បត្តិ ផ្ទះសំបែង

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ នាយកដ្ឋានកណ្តាលសន្តិសុខ​ សូមធ្វើការក្រើនរំឭក​ដល់ពលរដ្ឋគ្រប់រូប ត្រូវបង្កើនការប្រុងប្រយ័ត្ន​ការពារទ្រព្យសម្បត្តិ ផ្ទះសំបែង។ 

#សូមប្រុងប្រយ័ត្ន៖

ក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលពលរដ្ឋភាគច្រើននឹងធ្វើដំណើរកម្សាន្តទៅតាមរមណីយដ្ឋាននានា​ នាយកដ្ឋានកណ្តាលសន្តិសុខ​ សូមធ្វើការក្រើនរំឭក​ដល់ពលរដ្ឋគ្រប់រូប ត្រូវបង្កើនការប្រុងប្រយ័ត្ន​ការពារទ្រព្យសម្បត្តិ ផ្ទះសំបែង និងចូលរួមបង្ការ​ ទប់ស្កាត់ សកម្មភាពក្រុមជនល្មើសគាស់ទម្លុះទម្លាយចូលលួចសម្ភារៈ តាមរយ:ការអនុវត្តដូចខាងក្រោម៖ 

១. ចំពោះបងប្អូន ដែលបំពេញការងារជាបុគ្គលិកសន្តិសុខឯកជនទាំងអស់ ជាពិសេសបងប្អូនដែលឈរជើងនៅតាមគោលដៅបុរី ឬលំនៅដ្ឋាននានា សូមមានការយកចិត្តទុកដាក់ខ្ពស់ កត់សម្គាល់លើបណ្ដាយានជំនិះទាំងឡាយ ដែលមិនធ្លាប់ស្គាល់ភិនភាគអត្តសញ្ញាណ មានវត្តមានឆ្លងកាត់ចូលទីតាំងរបស់ខ្លួន ។

២. ចំពោះពលរដ្ឋ ដែលមានគម្រោងដេីរកម្សាន្ត​នៅទីកន្លែងឆ្ងាយពីលំនៅដ្ឋាន សូមធ្វើការផ្ទៀងផ្ទាត់​ ដាក់គន្លឹះទ្វារ-បង្អួច​ និងចាក់សោរទ្វារឲ្យបានគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ មុននឹងចាកចេញពីផ្ទះសំបែង។ 

៣. ចំពោះពលរដ្ឋ ដែលស្នាក់នៅផ្ទះមិនមានដំណើរកម្សាន្ត សូមជួយសហការក្រោមស្មារតីជាពលរដ្ឋល្អ​ ផ្ដល់ព័ត៌មានដល់អាជ្ញាធរមានសមត្ថកិច្ច ក្នុងករណីប្រទះឃើញសកម្មភាពសង្ស័យលើលំនៅដ្ឋាន ឬទីតាំង របស់អ្នកជិតខាងណាមួយ ដូចជា៖ 

     – ការជិះក្រវែលដោយជនមិនស្គាល់អត្តសញ្ញាណ 

     – ឃើញសកម្មភាព ឬលឺសំឡេង ឆ្កឹះឆ្កៀល វាយដំ ឬអាកាត់សោទ្វារ

     – មានការរើជញ្ជូនឥវ៉ាន់មិនប្រក្រតីចេញពីទីតាំង ក្នុងលក្ខណ:លួចលាក់​ បិទបាំងសាធារណៈជន

     – ឃើញវត្តមានបុគ្គលគួរឲ្យសង្ស័យ ដែលតែងតែពាក់ម៉ាស់ និងមួក ឬវ៉ែនតាខ្មៅ ដើម្បីបិទបាំងអត្តសញ្ញាណ។ល។ 

៤. បង្កេីនភាពជិតស្និទ្ធ​ ការប្រាស្រ័យទាក់ទងរវាងអ្នកជិតខាង​ ភូមិផងរបងជាមួយ​ ដេីម្បីមនសិការ​ជួយយកអាសាគ្នាទៅវិញទៅមក។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាយកដ្ឋានកណ្តាលសន្តិសុខ សូមបួងសួងដល់ទេវតាឆ្នាំថ្មី ប្រោសប្រទានពរជ័យ ជូនដល់ពលរដ្ឋកម្ពុជាគ្រប់រូប ឲ្យជួបតែសេចក្តីសុខគ្រប់ប្រការ៕

ដោយ​៖សហការី​


ចែករំលែក៖