ខេត្តតាកែវ៖ ក្រោយពីសាមីអង្គភាព ធ្វើការឃាត់ខ្លួនជនដៃដល់ប្រព្រឹត្តបទល្មើស ប៉ុនប៉ងមនុស្សឃាតគិតទុកជាមុន ដែលឃាត់នៅក្នុងបន្ទាយមួយកន្លែងក្នុងភូមិសាស្ត្រខេត្តកណ្តាល អស់រយៈពេល៤ថ្ងៃ អនុវត្តពិន័យកងទ័ព ទើបនៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ ខាងអង្គភាព បានប្រគល់ខ្លួន ជនដៃដល់ឲ្យសមត្ថកិច្ចនគរបាលខេត្តតាកែវ ចាត់ការបន្តតាមនីតិវិធី ។
ប្រភពពីសមត្ថកិច្ចនគរបាលខេត្តតាកែវបានឲ្យដឹងថា, ជនសង្ស័យ ក្នុងបទល្មើសប៉ុនប៉ងមនុស្សឃាតគិតទុកជាមុន ប្រព្រឹត្តដោយបក្ខពួកច្រើន តាមរយៈទូរស័ព្ទកេណ្ឌប្រមូលគ្នា មកធ្វើសកម្មភាព មានទាំងចារី សហចារី នេះ ប៉ុន្តែឃាត់ខ្លួនបានតែម្នាក់ គឺជាគ្រូកម្ម៉ង់ដូ ត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការតាមច្បាប់ ។
សូមបញ្ជាក់ថា, សមត្ថកិច្ចនគរបាលខេត្តតាកែវ ស្នើសុំសហការជាមួយសាមីអង្គភាព ជនដៃដល់ ជាច្រើនថ្ងៃ ទើបប្រគល់ខ្លួនជនល្មើសនៅព្រឹកមុិញនេះ។
គួរំឭកថា. កាលពីយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ជន ដៃដល់ខាងលើនេះបានជិះរថយន្តមួយគ្រឿងម៉ាកកាមរី ស៊េរីឆ្នាំ២០០៧ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AV-7891 ធ្វើសកម្មភាព បើកឡាន ជាច្រើននាក់ដេញតាមស្ទាក់ ឡានជនរងគ្រោះ ខណៈកំពុងជិះរថយន្តត្រឡប់មកពីហូបការវិញ បានប្រមាណជា ១-២គីឡូម៉ែត្រ នៅភូមិឈើទាលបាក់ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ។ បន្ទាប់ពីបើកស្ទាក់កាក់ឡានជនរងគ្រោះរួច ជនដៃដល់ដែលមានគ្នាច្រើននាក់ បានធ្វើសកម្មភាពវាយជនរងគ្រោះដោយដំបងរលាស់ និងយកកាំបិតចាក់ប្រហារដោយកាំបិតរលាស់ ដែលពួកគរសុទ្ធតែជាកងកម្លាំង ដើម្បីសម្លាប់ជនរងគ្រោះ តែដោយមានការផ្អើលឆោឡោពីប្រជាពលរដ្ឋ និងដឹងដល់សមត្ថកិច្ច ពួកគេបានចាក់ជនរងធ្លាយពោះវៀន បណ្តាលអោយរងរបួសធ្ងន់ធ្ងរចំនួន៣នាក់។
ក្រោយពីធ្វើសកម្មភាព ប៉ុនប៉ងមនុស្សឃាតគិតទុកជាមុនរួច ជនដៃដល់ដែលសមត្ថកិច្ចឃាត់រូបនេះ បានព្យាយាមឡើងជិះរថយន្តមួយគ្រឿងទៀតរបស់បក្ខពួកខ្លួន ម៉ាកហាយឡេនឌ័រ ពណ៌ក្រហម មិនចាំស្លាកលេខ ដើម្បីគេចខ្លួន បន្ទាប់ពីដឹងថា, ប្រជាពលរដ្ឋឆោឡោរាយការណ៍ជូនសមត្ថកិច្ច ។ ប៉ុន្តែពួកគេបាន បន្សល់ទុករថយន្ត១គ្រឿង នៅកន្លែងកើតហេតុ យកអត់ទាន់ខ្លាចសមត្ថកិច្ចមកប្រមាញ់ឃាត់ខ្លួន ។
សូមបញ្ជាក់ថា មុនពេលកើតហេតុនេះ ជនរងគ្រោះខាងលើបានចេញពីហូបការអ្នកស្រុកនៅក្នុងឃុំកើតហេតុ ខណៈបើករថយន្ត ជិតដល់រថយន្តខ្លួន ស្រាប់តែមានភ្ញៀវដែលចេញពីហូបការដែលនោះ បើកឡានហាយឡេនឌ័រពណ៌ក្រហមទៅមុខ ថយក្រោយ បត់មិនរួចទំនងជាស្រវឹងស្រាខ្លាំងទើបគ្នីគ្នាខាងរងគ្រោះម្នាក់និយាយថា,… (តាមមើលគាត់ទើបរៀនបើកឡាន) ! ឮពាក្យបែបនេះ ជាហេតុធ្វើអោយអ្នកបើកឡានរូបនោះច្រឡោតខឹងនិងបានស្រែកគំរាមថា (ពួកអ្ហែងចង់សុីគ្រាប់សំណរមែន? ពួកអ្ហែងអត់ដឹងថា, អញជានរណាទេអី?).,.. ! គំរាមរួចតៃកុងឡានចិត្តភ្លើង ដៃឆៅរូបនោះក៏បានខលទូរស័ព្ទ ហៅបក្ខពួករបស់គេមកជាច្រើននាក់ ។ ភ្លាមនោះដោយខ្លាចមានរឿងភាគីរងគ្រោះបាននាំគ្នាចូលក្នុងឡាន បើកចេញ ដែលមានគ្នា៥នាក់រួមដំណើរ ។ ខណៈបើកមកដល់ចំណុចផ្លូវស្ងាត់ក៏ស្រាប់តែមានរថយន្ត១គ្រឿងបើកវ៉ាមកបត់ឈប់ ពីមុខឡានខ្លូននិងមានរថយន្ត១គ្រឿងទៀតឈប់បិទគូទពីក្រោយ ជាហេតុធ្វើអោយរថយន្តភាគីរងគ្រោះទៅមុខមិនរួច ថយក្រោយមិនរួច ទើបភាគីរងគ្រោះចំនួន២នាក់បើកទ្វារចេញមកសួរ ក៏ត្រូវជនដៃដល់យកដំបងដែករលាស់មកវាយក្បាលជនរងគ្រោះបែកក្បាលហូរឈាម ភ្លាមនោះអ្នកជិះក្នុងរថយន្តជនរងគ្រោះចេញមកមើល ដើម្បីឃាត់កុំអោយជនបង្កបន្តសកម្មភាព ក៏ត្រូវជនដៃឆៅរូបនោះយកកាំបិតចុចមកចាក់ប្រហារបណ្តាលអោយជនរងគ្រោះម្នាក់រងរបួសសុះពេញខ្លួន និងធ្លាយពោះវៀនចេញក្រៅ រីឯ២នាក់ទៀតរងរបួសធ្ងន់។ ភ្លាមនោះក៏មានសាច់ញាតិជនរងគ្រោះនិងនគរបាលមូលដ្ឋានមកដល់ ទើបជនដៃដល់ បើកឡានរត់គេចខ្លួន ទាំងបន្សល់ចោលឡាន១គ្រឿងនៅកន្លែងកើតហេតុ។
សមត្ថកិច្ចក៏បានយករថយន្តនោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទ្រាំង។ រីឯជនរងគ្រោះត្រូវបានសាច់ញាតិដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យនេសា ក្នុងទីរួមខេត្តតាកែវ។
លោកវរសេនីយ៍ឯក យុង ញីវ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តតាកែវ នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន ” នគរវត្ត ” តាមទូរស័ព្ទយ៉ាងដូច្នេះថា, បច្ចុប្បន្នកម្លាំងរបស់លោកកំពុងនាំខ្លួនជនសង្ស័យ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរតាមនីតិវិធី និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ។
លោកវរសេនីយ៍ឯក យុង ញីវ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបន្តថា, ពាក់ព័ន្ធនឹងករណីខាងលើនេះ ក្រោយពួកគេបានធ្វើសកម្មភាពចាក់ប្រហារទៅលើជនរងគ្រោះ ឲ្យរបួសធ្ងន់ចំនួន ៣នាក់ ហើយម្នាក់របួសសុះសាច់ថែមទាំងចេញពោះវៀនមកក្រៅ ជនបង្កបាននាំគ្នាបើករថយន្តគេចខ្លួន ដោយបន្សល់ទុករថយន្តមួយគ្រឿងនៅកន្លែងកើតហេតុ និងមានកាតសំគាល់ជាកងកម្លាំង ទុកនៅក្នុងឡាន ទើបសមត្ថកិច្ចរបស់លោក បើកធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ឈានដល់ក្តោបមុខសញ្ញាបាន រួចក៏បានរាយការណ៍ជូនលោកស្នងការរងទទួលបន្ទុកផែនព្រហ្មទណ្ឌ , លោកស្នងការរង ក៏បានសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ទោស្នងការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការផងនោះ ទើបសហការជាមួយសាមីអង្គភាពជនបង្ក ដើម្បីនាំខ្លួន យកមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនីតិវិធី និងបន្តធ្វើការតាមប្រមាញ់បក្ខពួកជនដៃដល់ ដែលបានគេចខ្លួននោះ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
ដោយ ៖ សហការី