ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃ៨រោចខែចេត្រឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៤ មេសាឆ្នាំ២០២៣នេះ បានរៀបចំពិធីសូត្រមន្តរាប់បាត្រព្រះសង្ឃចំនួន៧៥អង្គ ក្នុងន័យចូលរួមអបអរសាទរទេវតាឆ្នាំថ្មីព្រះនាម កិមិរាទេវីជាបុត្រីទី៦របស់កបិលមហាព្រហ្ម ដែលនឹងចុះមកគ្រប់គ្រងភពផែនដី ជំនួសទេវតាឆ្នាំចាស់នៅល្ងាចថ្ងៃទី១៤ មេសា នេះ ។
ពិធីនេះបានធ្វើឡើងក្រោមវត្តមាន លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកស្រី នៅសាលារាជធានីភ្នំពេញ។
ពិធីនេះក៏បានបង្ហាញឲ្យឃើញពីការគោរពប្រតិបត្តិប្រពៃណីទំនៀមទំលាប់ ជាពិសេសក្នុងឱកាសទទួលទេវតាឆ្នាំថ្មី ដើម្បីបណ្តេញគ្រោះចង្រៃអ៊ុបទ្រុបផងទាំងពួង ដែលកើតមានកាលពីឆ្នាំចាស់ នឹងសុំពរជ័យពីទេវតាឆ្នាំថ្មី ក៏ដូចជារួមចំណែកថែរក្សាប្រពៃណីទំនៀមទំលាប់ និងវប្បធម៌ជាតិដ៏ល្អផូរផង់របស់ខ្មែរយើង ។ នេះជាឆ្នាំទី២នៃការប្រារព្វពិធីសូត្រមន្តរាប់បាត្ររបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចស្ថាប័ននានានិងបងប្អូនប្រជាពលរដ្ឋក្រោយពីអាក់ខានមិនបានរៀបចំពិធីនេះអស់រយៈពេល២ឆ្នាំដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។
ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ត្រូវបានរាជរដ្ឋា ភិបាលអនុញ្ញាតឱ្យធ្វើពិធី និងមានការជួបជុំកំសាន្តសប្បាយជាធម្មតាឡើងវិញ។
ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសជូនដំណឹងពីការប្រារព្វកម្មវិធីសង្ក្រាន្តវត្តភ្នំ នៅរមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំរយៈពេល៣ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិនេះដែរ។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានជូនដំណឹងពីការហាមឃាត់ មិនអនុញ្ញាតឲ្យលេងល្បែងដែលមិនមែនជាប្រពៃណីវប្បធម៌ជាតិ ប្រកាន់ខ្ជាប់សេចក្តីថ្លៃថ្នូរ ចូលរួមទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។ ចូលរួមទប់ស្កាត់ពីគ្រោះអគ្គិភ័យ បើកបរគោរពច្បាប់ចរាចរផ្លូវគោក បើកបរ កុំពិសាគ្រឿង ស្រវឹងជាដើម។
សូមបញ្ជាក់ថា កម្ពុជាជាប្រទេសដែលកាន់ ព្រះពុទ្ធសាសនា ដូច្នេះហើយ សេចក្តីសប្បាយរីករាយនេះ ក៏ត្រូវបានផ្សារភ្ជាប់ទៅនឹង មហាកុសលផ្សេងៗទៀត ដើម្បីធ្វើឲ្យបុណ្យចូលឆ្នាំថ្មី កាន់តែមានអត្ថន័យ និង ជាប្រយោជន៍ធំធេង សម្រាប់ ពលរដ្ឋខែ្មរ ដូចជា ស្រោចទឹក ខមាទោស សម្តែងនូវកតញ្ញូចំពោះដូនតា ឪពុកម្តាយ ពិធី ស្រង់ព្រះពុទ្ធបដិមា បង្សុកូលរំលឹកដល់វិញ្ញាណក្ខន្ធអ្នកមានគុណ ឬសាច់ញាតិ និងកម្មវិធីផ្សេងៗ ទៀត ដែលពាក់ព័ន្ធនឹងសាសនាជាដើម ៕
ដោយ ៖ សំរិត