ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ នេត សាវឿន និងនាយឧត្តមសេនីយ៍ វង្ស ពិសេន ចុះពិនិត្យប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ៦០គ្រាប់ ដែលបំពាក់នៅទីតាំងនានាក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ

ចែករំលែក៖

ខេត្តសៀមរាប ៖ កាមេរ៉ាសុវត្ថិភាពទាំង៦០គ្រាប់ ត្រូវបានបំពាក់នៅក្រុងសៀមរាប តាមដានបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ជាប់ជាប្រចាំ! ការពារ សុវត្ថិភាព ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ឈានចូលព.ស. ២៥៦៧ នៅរមណីយដ្ឋានអង្គរដ៏បវររបស់យើងទាំងអស់គ្នា។ 

ការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមទីតាំងសំខាន់ៗ ស្ទើរតែពេញក្រុងសៀមរាបនេះ ពិសេសនៅតំបន់អង្គរ គឺដើម្បីជាការចូលរួមចំណែកក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ ព្រមទាំងភ្ញៀវទេសចរជាតិ អន្ដរជាតិ ដែលមកដើរកម្សាន្ដក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ៖ នាយឧត្តម​សេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិ្ទ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ បានចុះពិនិត្យប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅតាមទីតាំងសំខាន់ៗ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នៅខេត្តសៀមរាប។

នាយឧត្តមសេនីយ៍ នេត សាវឿន និងនាយឧត្តមសេនីយ៍ វង្ស ពិសេន ចុះពិនិត្យប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅទីតាំងនានាក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ដោយយកចិត្តទុកដាក់បំផុត ជាពិសេសវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន បងប្អូនជនរួមជាតិដែល អញ្ជើញមកកំសាន្ត ៕

ដោយ ៖ សិលា


ចែករំលែក៖