ព័ត៌មានទាន់ហេតុការណ៍៖

សង្ក្រាន្តស្វាយរៀងថ្ងៃទី១ បងប្អូនប្រជាពលរដ្ឋចូលរួមខ្ទង់ម៉ឺននាក់ អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ សង្ក្រាន្តស្វាយរៀងថ្ងៃទី១ បងប្អូនប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។

ជាក់ស្ដែងនៅរសៀល ថ្ងៃទី១៤​ ខែមេសា​ ឆ្នាំ២០២៣នេះ​ លោក​ ជុំ​ ហាត​ ប្រធាន​ក្រុមប្រឹក្សាខេត្ត​ និងលោក ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀង​ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល អបអរសាទរជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបើកព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង។

ពិធីនេះមានការអញ្ជើញចូលរួម លោក លោកស្រី អភិបាលរងខេត្ត  សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត មេបញ្ជការកងកម្លាំងទាំងបី ប្រធាន-អនុប្រធានអនុគណៈកម្មការសង្ក្រាន្តស្វាយរៀង និងលោក លោកស្រី តំណាងគណៈកម្មការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត នៅក្នុងថ្ងៃទី១នេះ មានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលបានមកចូលរួមលេងកម្សាន្តក្នុងកម្មវិធីសង្ក្រាន្តស្វាយរៀងយ៉ាងច្រេីនកុះករ។

​លោក​ អភិបាលខេត្តបានបញ្ជាក់ថា​ បញ្ហារីករាលដាល នៃជំងឺកូវីដ-១៩ បានបង្កនូវផលវិបាកជាអវិជ្ជមាន យ៉ាងច្រើនដល់សង្គមជាតិរបស់យើង ទាំងលើការអភិវឌ្ឍសេដ្ឋកិច្ច សុខុមាលភាពសង្គម ប្រក្រតីភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ  ប៉ុន្តែរហូតមកដល់ពេលនេះ ការស្រោចវ៉ាក់សាំង​ ក្រោមចំណាត់ការប្រកបដោយប្រសិទ្ធភាពរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិ ក៏ដូចជាខេត្តស្វាយរៀង បានវិលទៅរកប្រក្រតីភាពជីវភាពសង្គមល្អប្រសើរឡើងវិញលើគ្រប់វិស័យ និងគ្រប់ផ្នែក ហើយក៏បង្កលទ្ធភាពឲ្យយើងអាចរៀបចំនូវពិធីសង្ក្រាន្តប្រកបដោយភាពសប្បាយរីករាយឡើងវិញដូចជាពេលនេះ ។

លោកបន្តថា​ ផ្លែផ្កាដែលបានមកពីសុខសន្តិភាព​គឺជាការបង្កលក្ខណៈឲ្យយេីងជួបជុំសប្បាយរីករាយដូចពេលនេះ​ ទន្ទឹមនេះជំនួសមុខឲ្យថ្នាក់ដឹកនាំខេត្ត សូមថ្លែងអំណរគុណដល់ សហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ដែលមានលោក ឌី វិជ្ជា ជាប្រធាន យុវជន យុវនារី នៃសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត ព្រមទាំងបណ្ដាមន្ទីរអង្គភាព និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានចូលរួមសហការ រៀបចំបង្កើតនូវព្រឹត្តិការណ៍ដ៏ឱឡារិកនេះ ឡើង និងសប្បុរសជនទាំងក្នុង និងក្រៅខេត្ត ដែលបានចំណាយធនធានផ្ទាល់ខ្លួន គាំទ្រកម្មវិធីនេះ ៕

ដោយ៖ សុថាន


ចែករំលែក៖