ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២៣ ដែលជាថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញទស្សនា ការបំបែកឯតទគ្គកម្ម បេះដូងច្រើនជាងគេនៅលើពិភពលោក ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅប្រាសាទអង្គរវត្ត។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបង្ហាញក្ដីរីករាយយ៉ាងខ្លាំង ចំពោះការបត់ក្រដាសដោយប្រជាពលរដ្ឋកម្ពុជា បានចំនួន៣,៩១៧,៨០៥បេះដូង ដែលបានបំបែកឯតទគ្គកម្មបេះដូងច្រើនជាងគេនៅលើពិភពលោក។
សូមរំលឹកថា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ Guinness World Records បានប្រកាសជាផ្លូវការដាក់បញ្ចូល ក្នុងការបំបែកឯតទគ្គកម្មពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក» របស់កម្ពុជា ដែលតាំងបង្ហាញនៅប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប ដែលមានចំនួន ៣,៩១៧,៨០៥បេះដូង។ បេះដូងដែលបានរៀបចំជា «សួនបេះដូង» នៅបរិវេណប្រាសាទអង្គរវត្ត គឺបានមកពីការចូលរួមបត់បេះដូង ពីពុកម៉ែ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងយុវជនគ្រប់ទិសទីរួចមក ដើម្បីយកមករៀបចំជា «សួនបេះដូង» លើទឹកដីអង្គរដ៏ពិសិដ្ឋនៃយើងទាំងអស់គ្នា ត្រៀមបង្ហាញភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសបង្ហាញពីកិត្យានុភាព នៃការរួបរួមសាមគ្គីភាពរបស់ប្រជាជនកម្ពុជា៕
ដោយ ៖ សិលា