ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ផេកផ្លូវការ របស់សម្តេចតេជោ ហ៊ុនសែន បានបង្ហោះអោយដឹងថា,នៅល្ងាចថ្ងៃទី១៤ ខែមេសាឆ្នាំ២០២៣នេះ ដែលជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បន្ទាប់ពីបានអញ្ជើញទស្សនានៃសកម្មភាពមួយចំនួននៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញអុជធូប ទៀនបួងសួងទេវតាឆ្នាំថ្មី «ព្រះនាមកិមិរាទេវី» ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន និងបានបណ្តែតគោមទឹកនៅមុខប្រាសាទអង្គរវត្ត ដើម្បីជម្រុះនូវឧបទ្រុពចង្រៃទាំងពួងចោល និងនាំមកនូវសេចក្តីសុខ ព្រមទាំងលាភសំណាងដល់ជនរួមជាតិទូទាំងប្រទេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅថ្ងៃទី១នេះ។
សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមអញ្ជើញបងប្អូនជនរួមជាតិទូទាំងប្រទេសចូលរួមសប្បាយរីករាយទាំងអស់គ្នា នៅក្នុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ ចាប់ពីថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ២០២៣ និងបានជូនពរបងប្អូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕
ដោយ ៖ សិលា