ភ្នំពេញ ៖ ក្នុងនាមក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខ្ញុំសូមចូលរួមអបអរសាទរ ដល់កម្មវិធីសង្រ្កាន្តតាមបណ្តារាជធានី-ខេត្ត ដែលកំពុងត្រូវបានរៀបចំដោយ ក្រុមការងារ ស.ស.យ.ក. រាជធានី-ខេត្ត សហការជាមួយអាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធនានា។
នេះជាប្រសាសន៍លើកឡើងរបស់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។
លោក ហ៊ុន ម៉ានី បានបន្តថា , ខ្ញុំពិតជាសូមកោតសរសើរដល់គំនិតផ្តួចផ្តើម គួបផ្សំជាមួយកិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់ សមាជិក សមាជិកា ស.ស.យ.ក. នៅតាមរាជធានី-ខេត្ត ដើម្បីផ្តល់នូវភាពសប្បាយរីករាយជាលក្ខណៈមហាគ្រួសារខ្មែរក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជារៀងរាល់ឆ្នាំ។
ក្រោមម្លប់នៃសុខសន្តិភាព ប្រជាជន និងយុវជនមានឱកាសក្នុងការបង្កើតមិត្តភាព សាមគ្គីភាពរវាងគ្នា និងគ្នាតាមរយៈការរៀបចំកម្មវិធីដែលប្រមូលផ្តុំមនុស្សមកពីគ្រប់មជ្ឈដ្ឋានហើយមករួបរួមគ្នា ដើម្បីសម្រេចគោលដៅរួមគ្នា។
សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់អំពីតួលេខ ថ្ងៃចូលឆ្នាំទី ១ មានបងប្អូនប្រជាពលរដ្ឋតាមបណ្ដារាជធានីខេត្ត កំសាន្តក្នុងរដូវបុណ្យចំនួនប្រមាណជាពីរម៉ឺនលាននាក់អស់ជាពីរលាននាក់ ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ៕
ដោយ ៖ សិលា