ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យជាជនជាតិវៀតណាម២នាក់ត្រូវបានសមត្ថកិច្ចសហការឆ្មក់ចូលទៅឃាត់ខ្លួនករណីលួចដាំកញ្ឆាដោយខុសច្បាប់។
ការចុះបង្ក្រាបនោះដឹកនាំចង្អុលបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី។
ក្នុងប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១០៖៣០នាទីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣មានកម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដោយមានការសម្របសម្រួលពី លោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តមណ្ឌលគិរី និងមានការចូលរួមពីលោកអភិបាល ស្រុកពេជ្រាដា កម្លាំងអធិការស្រុកពេជ្រាដាចុះដល់ទីតាំងដាំកញ្ឆាមួយកន្លែងស្ថិតនៅភូមិម៉េប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ទី១.ឈ្មោះ ង្វៀន វ៉ាន់ហ្វាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម ទីលំនៅភូមវូយបា ឃុំធុងដូរ ស្រុកវិញ ខេត្តងាអាន ប្រទេសវៀតណាម។
ទី២.ឈ្មោះ ហ្វាម វ៉ាន់ថាយ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិវូយបា ឃុំធុងដូរ ស្រុកវិញ ខេត្តងាអាន វៀតណាម កាន់លិខិតឆ្លងដែនលេខ C2369263។
ក្នុងនោះដកហូតបានវត្ថុតាងរួមមាន÷.កញ្ឆាស្ងួតចំនួន ០២កញ្ចប់ , .ជីគីមីចំនួន ៣០ ការុង.ថ្នាំបំប៉នកញ្ឆា២៧កំប៉ុង , .កែវជ័របណ្តុះកូនកញ្ឆា ចំនួន ៥០០កែវ , .ជញ្ជីងថ្លឹងកញ្ឆាក្រៀម ចំនួន ០៣គ្រឿង , .ម៉ាស៉ីនអ៊ុតកញ្ចប់កញ្ឆា ចំនួន ០៣ គ្រឿង , .ថង់វេចខ្ចប់កញ្ឆា ចំនួន ៤៣៨ ថង់ , .ជីម្សៅបំប៉នកញ្ឆា ចំនួន ០៨កញ្ចប់ , .ថ្នាំជ្រលក់កញ្ឆា ចំនួន ១២កំប៉ុង , .ថ្នាំបាញ់ស្មៅ ចំនួន ០៤កញ្ចប់.ធុងបាញ់ថ្នាំ ចំនួន ០១ , .ស្លាកលេខម៉ូតូ(វៀតណាម)ចំនួន ០២សន្លឹក , .ការុងចំនួន ១៧៦ ការុង , .អាវសម្រាប់ការពារបាញ់ថ្នាំ ១ឈុត , .ប្រអប់ជ័រដាក់គ្រាប់កញ្ឆាចំនួន ០២ប្រអប់ , .ថ្នាំប៉ូវកញ្ឆា ០១ធុង២០លីត្រ , .ថូរជ័រដាំកញ្ឆាចំនួន ៧២០ថូ , .សំឡីសម្រាប់បណ្តុះគ្រាប់កញ្ឆាចំនួន ១២កញ្ចប់ , .លិខិតឆ្លងដែនចំនួន ០៣ក្បាល , .ប័ណ្ណសំគាល់ខ្លួនចំនួន ០២សន្លឹក , .ឯកសារចំនួន ៤២សន្លឹក។
ក្នុងការចុះបង្រ្កាបនោះសមត្ថកិច្ចបានកាប់ដេីមកញ្ឆាស្រស់ នឹងដុតកម្ទេចចោលចំនួន ១០.៦៧១ ដេីម ទម្ងន់ ១.២០៥គីឡូក្រាម ។
ប្រភពបានឱ្យដឹងថាជនជាតិវៀតណាមទាំងពីរនាក់បានសារភាពថា ពួកគេគ្រាន់តែជាកម្មករដាំ និងថែរក្សា ឱ្យថៅកែរបស់ពួកគេតែប៉ុណ្ណោះ ។
ចំណែកថៅកែបានរត់គេចខ្លួនភ្លាមៗក្នុងពេលកម្លាំងចុះបង្ក្រាប។
ប្រភពបង្ហើបថា ផ្ទៃដីដាំកញ្ឆានេះជាកម្មសិទ្ធិរបស់លោក ម៉ៅ ធនារក្ស អតីតប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត មណ្ឌលគិរី ។
ជុំវិញករណីខាងលើនេះ លោក ម៉ៅ ធនារក្ស មិនទាន់អាចទាក់ទងសុំការបំភ្លឺបាននៅឡើយទេ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួន ដេីម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការតាមនីតិវិធី៕
ដោយ ៖ ជីវ័ន្ត