ក្រុមកំពូលតារាង Arsenal បានខកខានបាល់ប៉េណាល់ទី ហើយបានទម្លាក់ការនាំមុខ២គ្រាប់ ខណៈដែលពួកគេបានស្មើនៅលើទឹកដីក្រុម West Ham ក្នុងការប្រកួតដើម្បីរក្សាក្តីសង្ឃឹមរបស់ក្រុមក្នុងការឈ្នះពានរង្វាន់ Premier League។ ការស្មើនេះធ្វើឲ្យ Arsenal មានគម្លាតពី Man City តែ៤ពិន្ទុប៉ុណ្ណោះ ខណៈ Man City មានចំណេញ១ប្រកួតនៅក្នុងដៃ។
ការស៊ុតបាល់បញ្ចូលទីយ៉ាងល្អរបស់ខ្សែប្រយុទ្ធ Gabriel Jesus និង Martin Odegaard បានធ្វើឲ្យក្រុមភ្ញៀវនាំមុខ ២-១ នៅក្នុងការប្រកួតបើកឆាក១០នាទីនៅកីឡដ្ឋាន London Stadium ខណៈដែលពួកគេមើលទៅនឹងឈានទៅរកជ័យជម្នះ។ ប៉ុន្តែដូចដែលក្រុមកាំភ្លើងធំបានធ្វើក្នុងលទ្ធផលស្មើ ២-២ នៅលើទឹកដីក្រុម Liverpool កាលពីថ្ងៃអាទិត្យមុន ក្រុមរបស់លោក Mikel Arteta មិនអាចរក្សាការទទួលបានអត្ថប្រយោជន៍របស់ខ្លួនបានទេ និងបានទម្លាក់ពិន្ទុដ៏មានតម្លៃនៅក្នុងការប្រកួតដណ្តើមពានរង្វាន់របស់ពួកគេជាមួយនឹងក្រុម Manchester City ។
ការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់កីឡាករ Benrahma បានជួយឲ្យក្រុមញញួរធំរកបាន១គ្រាប់តាមពីក្រោយក្រុមភ្ញៀវនៅនាទីទី៣៣។ ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមម្ចាស់ផ្ទះបានស៊ុតបញ្ចូលទី១គ្រាប់ទៀតតាមស្មើនៅនាទីទី៥៤ តាមរយៈកីឡាករ Jarrod Bowen ពីការបញ្ជូនបាល់ដ៏ល្អរបស់ Thilo Kehrer។
West Ham ដែលនៅតែស្ថិតក្នុងចំណាត់ថ្នាក់ទី១៥ក្នុងតារាង ប៉ុន្តែឥឡូវនេះមាន៤ពិន្ទុពីលើតំបន់កាត់ចោលនោះ បានទទួលលទ្ធផលស្មើគ្នា២ទល់២ជាមួយក្រុមកំពូលតារាងមិនគួរឲ្យជឿ។ ក្រុមកាំភ្លើងធំ Arsenal បានចាប់ផ្តើមនៅចុងសប្តាហ៍នេះ មានពិន្ទុដាច់លើក្រុម Man City ចំនួន៦ពិន្ទុ ប៉ុន្តែឥឡូវនេះបែរជាត្រូវបានកាត់បន្ថយមកត្រឹម៤ពិន្ទុ បន្ទាប់ពីក្រុមរបស់លោក Pep Guardiola ឈ្នះ ៣-១ នៅផ្ទះជាមួយក្រុម Leicester កាលពីថ្ងៃសៅរ៍។
ក្រុមកាំភ្លើងធំនៅសល់ការប្រកួតចំនួន៧ទៀត ហើយត្រូវប្រកួតជាមួយក្រុម Southampton នៅលើទឹកដីខ្លួនឯងនៅថ្ងៃសុក្រ មុនពេល Man City ដែលមានការប្រកួតក្នុងដៃនឹងជួបក្រុម Arsenal នៅកីឡដ្ឋាន Etihad នៅថ្ងៃទី២៦ ខែមេសាខាងមុខ។ ពេលនេះ Arsenal មិនស្គាល់ចាញ់សោះក្នុងការប្រកួត Premier League ៩លើក ចាប់តាំងពីចាញ់ Man City ៣-១ ប៉ុន្តែក្រុមរបស់លោក Arteta នឹងមើលឃើញថា នេះជា២ពិន្ទុធ្លាក់ចុះ ហើយឆ្ងល់ពីរបៀបដែលពួកគេមិនទទួលបានជ័យជំនះ២ប្រកួត ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)