ខេត្តស្វាយរៀង ៖ សង្ក្រាន្តស្វាយរៀង រយៈពេល៣ថ្ងៃគិតចាប់ពីថ្ងៃទី១៤.១៥និង១៦ខែមេសាឆ្នាំ២០២៣ ភ្ញៀវទេសចរបាន ចូលមកកម្សាន្តក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សរុបប្រមាណ ជាង៧៦ម៉ឺន នាក់។
យោងតាមលោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀងបានឱ្យដឹងថាសកម្មភាពភ្ញៀវទេសចរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ គ.ស ២០២៣ (ក្នុងរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤,១៥ និង១៦ ខែមេសា ឆ្នាំ២០២៣) ចំនួនភ្ញៀវទេសចរ ដែលបានមកលេងកម្សាន្តនៅសង្ក្រាន្តស្វាយរៀង និងតាមរមណីយដ្ឋានទេសចរណ៍ក្នុងខេត្ត មានដូចជាភ្ញៀវសង្ក្រាន្តស្វាយរៀង (រយៈពេល ៣ថ្ងៃ) ចំនួនប្រមាណ ៧៥៧,៣៩២ នាក់។
ភ្ញៀវតាមរមណីយដ្ឋានក្នុងខេត្ត (រយៈពេល ៣ថ្ងៃ) មានចំនួន ៣,០០៧ នាក់,ស្រី ៤១៧ នាក់។
សរុបរួមមានចំនួនប្រមាណ ៧៦០,៣៩៩ នាក់ (ក្នុងនោះ ភ្ញៀវបរទេសចំនួនប្រមាណ ៦០នាក់ )។
លោកប្រធានមន្ទីរ បានបន្តថាក្នុងនោះដែរ មន្ទីរបានចុះបញ្ជ្រាបការផ្សព្វផ្សាយនូវច្បាប់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យទេសចរណ៍ មានដូចខាងក្រោម÷
សារាចរណែនាំលេខ០០៣ របស់ក្រសួងទេសចរណ៍ ស្តីពីការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ គ.ស ២០២៣។
សារាចរណែនាំលេខ០០២ របស់ក្រសួងទេសចរណ៍ ស្តីពីការរៀបចំដាក់តាំងបង្ហាញបញ្ជីរាយនាមសេវាកម្មរបស់អាជីវកម្ម សេវាកម្មទេសចរណ៍ដោយមានភ្ជាប់ជាមួយតម្លៃ ។
បានបន្តផ្សព្វផ្សាយការអនុវត្ត ឱ្យបានយ៉ាងខ្ជាប់ខ្ជួន ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសវិធានការ “៣ការពារ ”និង“ ៣កុំ “ការគ្រប់គ្រងសន្តិសុខ សណ្តាប់ សុវត្ថិភាព អនាម័យ បរិស្ថាន បានល្អប្រសើរផងដែរ ៕
ដោយ៖ សុថាន