ខេត្តព្រះសីហនុ ៖ រថយន្តឃ្លុបដឹកស្រាបៀរ Ganzberg បើកបុកគ្នាជាមួយរថយន្តឡិចសុីស កំពប់ធ្លាក់ស្រាបៀរចោល រាយប៉ាយពេញផ្លូវ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០៣-២០៤ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនកើតហេតុ រថយន្ត ហ៊ីយ៉ាន់ដាយ ៥តោន ពណ៌ស ដឹកស្រាបៀរ Ganzberg ពាក់ស្លាកលេខ ព្រះសីហនុ 3A-2470 អ្នកបើកបរឈ្មោះ ផា គា ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅ ភូមិកំពង់ ឃុំកំពង់ ស្រុកបាទី ខេត្តតាកែវ បានបើកពីកើតទៅលិច (ភ្នំពេញ-ព្រះសីហុ) ដល់ចំណុចកើតហេតុ បុកជាមួយ រថយន្តឡិចសុីស RX300 ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2C-8053 បើកបរឈ្មោះ អេ ស្អារី ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅ ភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបើកច្រាសទិសគ្នា (ព្រះសីហនុ-ភ្នំពេញ) បណ្តាលឲ្យរយះទ្រុងធ្លាក់កំពប់ស្រាបៀរ រាយប៉ាយពេញផ្លូវ ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ ហេីយបច្ចុប្បន្នវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញធ្វេីការវាស់វែងយកទៅរក្សាទុក រង់ចាំដោះស្រាយតាមក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ