ព័ត៌មានទាន់ហេតុការណ៍៖

លោក ពូទីន ប្រកាសថា គ្មានដែនកំណត់ចំពោះកិច្ចសហប្រតិបត្តិការការពារជាតិរុស្ស៊ី-ចិន

ចែករំលែក៖

ទីក្រុងមូស្គូបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការយោធាក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ខ្លួន ដោយសរសើរថាទំនាក់ទំនងរបស់ប្រទេសទាំងពីរផ្អែកលើការជឿទុកចិត្តគ្នាទៅវិញទៅមក។
កាលពីថ្ងៃទី ១៦ ខែមេសា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានជួបជាមួយរដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu នៅវិមានក្រឹមឡាំង ដោយមានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu ។
ប្រធានាធិបតី ពូទីន បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដ៏ជោគជ័យ និងគ្រប់ជ្រុងជ្រោយរវាងទីក្រុងមូស្គូនឹងទីក្រុងប៉េកាំង ក្នុងវិស័យការពារជាតិ។ សារព័ត៌មានTass បានដកស្រង់សុន្ទរកថារបស់ប្រធានាធិបតីពូទីនដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃយោធាក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ការលើកកម្ពស់ការជឿទុកចិត្តលើទំនាក់ទំនងទ្វេភាគី។
លោកពូទីនក៏បានលើកឡើងផងដែរអំពីការផ្លាស់ប្តូរព័ត៌មានរវាងក្រសួងការពារជាតិទាំងពីរ និងការប្រារព្ធធ្វើសមយុទ្ធរួម។ ទន្ទឹមនឹងនោះ រដ្ឋមន្ត្រី Li Shangfu បានអះអាងថា ទំនាក់ទំនងរវាងរុស្ស៊ី នឹងចិនគឺ “រឹងមាំណាស់ លើសពីសម្ពន្ធមិត្តយោធា-នយោបាយនៃសង្គ្រាមត្រជាក់ និងមានស្ថិរភាពបំផុត”។
នេះជាដំណើរទស្សនកិច្ចបរទេសលើកដំបូងក្នុងនាមជារដ្ឋមន្ត្រីក្រសួងការពារជាតិលោក Li Shangfu ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ១៦-១៨ ខែមេសា។ លោកគ្រោងនឹងជួបពិភាក្សាជាមួយសមភាគីរុស្ស៊ីលោក Sergei Shoigu ស្តីពី “ស្ថានភាពបច្ចុប្បន្ន និងទស្សនវិស័យសម្រាប់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យការពារជាតិ ក៏ដូចជាបញ្ហាបច្ចុប្បន្ននៃសន្តិសុខពិភពលោក និងតំបន់”។
លោក Li Shangfu បានមកដល់ប្រទេសរុស្ស៊ីត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន Xi Jinping ទៅកាន់ទីក្រុងមូស្គូកាលពីខែមុន។ ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាពីរថ្ងៃ មេដឹកនាំរុស្ស៊ី និងចិនក៏បានសាទរចំពោះ “សករាជថ្មី” នៅក្នុងទំនាក់ទំនងទ្វេភាគី និងបានពិភាក្សាអំពីសំណើរបស់ទីក្រុងប៉េកាំង ដើម្បីជួយបញ្ចប់ជម្លោះនៅអ៊ុយក្រែន៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ Kinhtedothi)


ចែករំលែក៖