ព័ត៌មានទាន់ហេតុការណ៍៖

គិតត្រឹមព្រឹកថ្ងៃទី១៧​ មេសានេះ! ប្រជាពលរដ្ឋជាង៤ម៉ឺននាក់​ បានធ្វើដំណើរតាមរថយន្តក្រុង នាឱកាស​ថ្ងៃបុណ្យចូលឆ្នាំខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី១៧ ​ខែមេសា​ ឆ្នាំ​២០២៣នេះ មានពលរដ្ឋប្រមាណជាង ៤០ ០០០នាក់ បានទទួលសេវាការធ្វើដំណើរ​ តាមរថយន្តក្រុង​របស់ សាលារាជធានីភ្នំពេញដោយឥតគិតថ្លៃ ដើម្បីដើរកម្សាន្ត ​និងទៅលេងស្រុកកំណើតតាមបណ្តាខេត្ត នៅក្នុងអំឡុងថ្ងៃបុណ្យ​ចូលឆ្នាំថ្មីប្រពៃណី​ខ្មែរនេះ។​ នេះបេី​យោង​តាមរបាយការណ៍បឋមពីរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុងរាជធានីភ្នំពេញ។ 

ជាក់ស្ដែង​ប្រជាពលរដ្ឋមកពីបណ្ដាខេត្តជាច្រេីន​ បាននិយាយថា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំនេះ ​ពួកគាត់បានសូមថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានផ្តល់រថយន្តក្រុង​ធ្វើដំណើរទាំងទៅទាំង​មកដោយ​ឥតគិតថ្លៃ ដែលបានជួយកាត់បន្ថយការចំណាយរបស់ពលរដ្ឋម្នាក់ៗបានប្រមាណពី៣០០០០រៀល ទៅ៨០០០០រៀល។

តាមរយៈរថយន្តក្រុងនេះ ក៏បានរួមចំណែកទប់ស្កាត់រថយន្ត​ឈ្នួល​ឯកជន ដែលតែងតែយក​ឱកាសនេះ​ដំឡើងថ្លៃខ្ពស់ហួសហេតុពីការធ្វើដំណើរនេះផងដែរ។

បើតាមការបញ្ជាក់ពី​រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុងរាជធានីភ្នំពេញ ​បានឱ្យដឹងថា ឱកាសបុណ្យចូល​ឆ្នាំថ្មី ឆ្នាំនេះ រដ្ឋបាលសាលារាជធានីភ្នំពេញ ​បានប្រើប្រាស់រថយន្តក្រុងCity Bus ចំនួន៣៤៥គ្រឿង ក្នុងនោះក្នុងរាជធានីភ្នំពេញ៧០គ្រឿង ​និងដឹកអ្នកដំណើរទៅមកតាមបណ្តាខេត្តចំនួន ២៧៥គ្រឿង។

សូមបញ្ជាក់ថា​ ការដឹកក្នុងរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសានេះ គឺមានអ្នកដំណើរទៅទទួល​សេវា​ជិះពេញៗ ហើយគ្រប់អ្នកធ្វើដំណើរមានទឹកមុខសប្បាយរីករាយ ​ជាមួយនឹងខិតខំផ្តល់សេវាល្អ ការធ្វើបដិសណ្ឋារកិច្ចល្អពីតៃកុងឡាន​ និងមន្ត្រីបំរើការក្នុងរថយន្តក្រុង៕

ដោយ៖ សហការី


ចែករំលែក៖