ខេត្តកោះកុង៖ បើតាមការបញ្ជាក់ពីប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង លោក សុខ ចាន់គ្រឹះស្នា បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី១៧ ខែមេសា ឆ្នាំ២០២៣នេះថា៖ ខេត្តកោះកុង បានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១ម៉ឺន៦ពាន់នាក់ អំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ។ តួលេខទេសចរនៅពេលនេះ បានថយចុះជាង២ម៉ឺននាក់ បើធៀបនឹងឆ្នាំទៅ។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ៣ថ្ងៃ មានទេសចរជាតិសរុប ១ម៉ឺន៥.៩៨០នាក់ រីឯទេសចរបរទេសមានចំនួន ៣២៦នាក់ សរុបទាំង១ម៉ឺន៦ពាន់នាក់ ដែលបានមកលេងកម្សាន្តនៅក្នុងខេត្តកោះកុង។
ទោះយ៉ាងណាមន្រ្តីជំនាញអះអាងថា តួលេខចំនួនអ្នកទេសចរបានថយថយ ២ម៉ឺន២.៤៩៨នាក់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ការដែលនាំឱ្យចំនួនអ្នកទេសចរថយចុះបែបនេះ ដោយសារតែកំណាត់ផ្លូវជាតិលេខ៤៨ កំពុងស្ថិតនៅក្នុងដំណាក់កាលបើកការដ្ឋានស្ថាបនាថ្មី។
លោកប្រធានមន្ទីរខេត្តរូបនេះ បានថ្លែងបន្តថា សេវាកម្មដឹកអ្នកដំណើរ ភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់មួយចំនួនបានដំឡើងថ្លៃ តែក៏មានការយល់ព្រមទទួលយកសេវាកម្មពីភ្ញៀងទេសចរផងដែរ។
ក្រុមអ្នកទេសចរមកពីរាជធានីភ្នំពេញ និងពលរដ្ឋរស់នៅក្នុងក្រុងខេមរភូមិន្ទ សុទ្ធតែបានលើកឡើងពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ល្អ ពិសេសការរៀបចំកម្មវិធីសប្បាយជាច្រើនប្លែកជាងបណ្តាឆ្នាំមុន។
ជាមួយគ្នានេះ បើតាមស្នងការនគរបាលខេត្តកោះកុង លោកឧត្តមសេនីយ៍ទោ គង់ មនោ ក៏បង្ហាញដែរថា បញ្ហាសន្តិសុខសណ្តាប់ធ្នាប់អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ៣ថ្ងៃនេះ ប្រព្រឹត្តទៅដោយភាពល្អប្រសើរនោះទេ ពោលគឺគ្រាន់តែមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន៣ករណី ព្រោះតែខ្វះការប្រុងប្រយ័ត្នប៉ុណ្ណោះ។
លោកឧត្តមសេនីយ៍ទោ គង់ មនោ បន្ថែមថា កងកម្លាំងរបស់លោក និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធបានគ្រប់គ្រងស្ថានការណ៍បានរលូន និងយកចិត្តទុកដាក់ខ្ពស់លើការងារថែរក្សាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងអ្នកទេសចរដែលមកលេងកម្សាន្តនៅកន្លែងប្រារព្ធកម្មវិធីសប្បាយៗ និងតំបន់ទេសចរណ៍ដ៏ទៃទៀត៕
ដោយ៖ សហការី