ខេត្តព្រៃវែង៖ បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រៃវែង បានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរសរុបចំនួន៤១៧,៣២៩នាក់ បានចូលរួមលេងកម្សាន្តក្នុងកម្មវិធីឆ្នាំថ្មីព្រៃវែង និងនៅតាមតំបន់ទេសចរណ៍ រមណីយដ្ឋាននានាទូទាំងខេត្តព្រៃវែង។
នាឱកាសបុណ្យចូលឆ្នាំខ្មែរនេះដែរ លោក ជា សុមេធី អភិបាលខេត្ត និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំខេត្តព្រៃវែង បានអញ្ជើញចូលរួមលេងកម្សាន្តនៅសួនច្បារ សម្ដេច ជា សុីម (ស្ដូប) ក្នុងព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែង២០២៣ ជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកបដោយភាពសប្បាយរីករាយ ក៏ដូចជាមានការយកចិត្តទុកដាក់ពីស្នងការនគរបាលខេត្ត ក្នុងការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងកម្មវិធីឆ្នាំថ្មីព្រៃវែង ការលេងកម្សាន្តរបស់ប្រជាពលរដ្ឋគឺបានប្រព្រឹត្តទៅដោយភាពរលូន និងសប្បាយរីករាយ។
ម្យ៉ាងវិញទៀត ដោយសារកត្តាសុខសន្តិភាពបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍឡើងទៅមុខជាលំដាប់ ប្រជាពលរដ្ឋដើរលេងកម្សាន្ត និងរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ ហើយប្រជាពលរដ្ឋត្រូវរួមគ្នាថែរក្សាសុខសន្តិភាពទាំងអស់គ្នា៕
ដោយ៖ សហការី