ព័ត៌មានទាន់ហេតុការណ៍៖

កងកម្លាំងត្រូវតែឆ្លងកាត់វគ្គហ្វឹកហាត់យកជំនាញមកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ នៅក្នុងពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ចាម ដែលទើបជ្រើសរើសថ្មី ចំនួន៤០ នាក់ ទៅហ្វឹកហ្វឺន នៅភ្នំជំរាយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានបញ្ជាក់ថា ជាកងកម្លាំងត្រូវតែឆ្លងកាត់វគ្គហ្វឹកហាត់យកចំណេះជំនាញមកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។

ពិធីនេះបានធ្វើឡើងនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពី ប្រធានសាលាដំបូងខេត្ត ព្រះរាជាអាជ្ញាអមសាលាដំបូងខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាល កងកម្លាំងទាំងបី និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងអាណាព្យាបាល យោធិន កងរាជអាវុធហត្ថខេត្តកំពង់ចាម ទើបជ្រើសរើសថ្មី។

មានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើនាឱកាសនោះ លោកអភិបាលខេត្ត ថ្លែងថា កងកម្លាំងយោធិន នៃកងរាជអាវុធហត្ថទាំង ៤០ នាក់ ដែលត្រូវទៅហ្វឹកហ្វឺនរយៈពេល ១ ឆ្នាំ សូមឱ្យកម្លាំងទាំងអស់ធ្វើការហ្វឹកហាត់ សិក្សារៀនសូត្រ ដោយយកចិត្តទុកដាក់ឲ្យបានចប់ ទៅតាមកម្មវិធីសិក្សា ដើម្បីយកចំណេះជំនាញទាំងនោះ មកបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា បន្ទាប់ពីឆ្លងកាត់ការហ្វឹកហ្វឺនរយៈពេលមួយឆ្នាំ កងកម្លាំងទាំង ៤០ នាក់ នេះ និងក្លាយទៅជាមន្ត្រីនគរបាលយុត្តិធម៌ ដោយសារការហ្វឹកហ្វឺននោះ រៀនទាំង យុទ្ធសាស្ត្រ, វិធីសាស្រ្ត , ការប្រើប្រាស់អាវុធយុទ្ធភណ្ឌ និងបន្តសិក្សាអំពីជំនាញច្បាប់ ផងដែរ ដើម្បីឲ្យមន្ត្រីយើង ចេះកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។

សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បាននាំអំណោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ដល់ជូនដល់កម្លាំងយោធិននៅកងរាជអាវុធហត្ថទាំង ៤០ នាក់ ក្នុងម្នាក់ៗទទួលបាន ៖ មី ២កេស , ត្រីខកំប៉ុង ២យួរ , ក្រម៉ា ១ , និងថវិកា ២០ ម៉ឺនរៀល៕

ដោយ​៖ សហការី​


ចែករំលែក៖