ព័ត៌មានទាន់ហេតុការណ៍៖

យល់ដឹងពីសារៈប្រយោជន៍ពីការប្រើប្រាស់អេកូអង់ដូស្កុប Endoscopic Ultrasound (EUS)!

ចែករំលែក៖

ភ្នំពេញ ៖ អេកូអង់ដូស្កុប (EUS) គឺជាឧបករណ៍ពិនិត្យដ៏ថ្មីស្រឡាងមួយប្រភេទ ដែលរួមបញ្ចូលនូវ បច្ចេកទេសអង់ដូស្កុប និងអេកូសាស្រ្ត ដែលអាចធ្វើរោគវិនិច្ឆ័យ និងធ្វើអន្តរគមន៍វេជ្ជសាស្រ្ត (ព្យាបាល) ទៅលើជំងឺមួយចំនួន ជាពិសេសជំងឺដែលទាក់ទងទៅនឹងផ្លូវទឹកនិងលំពែង ។ នេះបើយោងតាម ការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕

វាក៏ត្រូវបានគេប្រើប្រាស់ផងដែរសំរាប់ធ្វើ ការវាយតម្លៃ នៅការរាលដាលរបស់ជំងឺមហារីកក្នុងប្រព័ន្ធរំលាយអាហារ ដោយវាមានសមត្ថភាព អាចបែងចែកការរាលដាលរបស់កោសិការមហារីកក្នុងជញ្ជាំងស្រទាប់ក្រពះ (មហារីកក្នុងដំណាក់កាលដំបូង) ដែលមានលក្ខណៈស្តើង ហើយពិបាកក្នុងការវាយតម្លៃដោយការធ្វើ ស៊ីធីស្កេន (CT Scan) និង អ៊ឹមអរអាយ (MRI)។ លក្ខណៈពិសេសមួយទៀតគឺវាអាចឲ្យគ្រូពេទ្យកំនត់បាននៅដុំកូនកណ្តុរដែលសង្ស័យថាបានរាលដាលដោយកោសិការមហារីក។

ក) ការធ្វើរោគវិនិច្ឆ័យ Diagnostic EUS 

   – ធ្វើរោគវិនិច្ឆ័យនិងបែងចែកដំណាក់កាលនៃជំងឺមហារីក្រពះ

ដែលអាចជួយឲ្យគ្រូពេទ្យកំណត់នូវវិធីព្យាបាលដ៏ស័ក្តិសមដល់អ្នកជំងឺ 

   – ធ្វើរោគវិនិច្ឆ័យដោយច្រឹបសាច់ (fine needle biopsy) រាល់ដុំសាច់ និងដុំគីសផ្សេងៗ នៃលំពែង

     រុករក និងសិក្សាលំអិត នៃគ្រួសក្នុងប្រព័ន្ធទឹកប្រម៉ាត់ (biliary stones)

   – ធ្វើរោគវិនិច្ឆ័យ បែងចែកដំណាក់កាលនៃជំងឺមហារីកបំពង់អាហារ និងកូនកណ្តុរក្នុងប្រអប់ទ្រូង និងពោះ 

ខ) សារៈប្រយោជន៍ក្នុងការធ្វើអន្តរាគមន៍វេជ្ជសាស្រ្ត (Interventional EUS) 

   – បង្ហូរទឹកប្រម៉ាត់ដោយដាក់បំពុងដែកឬផ្លាស់ស្ទិកនៅក្នុងករណីអ្នកជំងឺស្ទះដោយសារមានដុំសាច់ផ្សេងៗ (EUS-guided biliary drainage)

   – ចោះបង្ហូរដុំគីសលំពែង (EUS-guided Pseudocyst drainage)

   – ចាក់ថ្នាំបំបាត់ការឈឺចាប់ទៅលើសរសៃវិញ្ញាណសំរាប់អ្នកជំងឺមហារីកលំពែងដែលមានការឈឺចាប់ខ្លាំង (EUS-guided Celiac plexus neurolysis)

 សូមបញ្ជាក់ថា ឧបករណ៍ និងបច្ចេកទេសទំនើបទាំងនេះ មានបម្រើរសេវាជូននៅមន្ទីរពេទ្យកាល់ម៉ែត។ ដូចនេះបើលោកអ្នកមានបងប្អូន និងគ្រួសារមានជំងឺក្រពះ លំពែង ប្រព័ន្ធទឹកប្រម៉ាត់ ថ្លើមជាដើម សូមបងប្អូនមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកថ្លើម ក្រពះ ពោះវៀននៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការពិគ្រោះ និងស្វែងរកវិធីការពារនិងព្យាបាលកុំអោយមានការយឺតយ៉ាវដែលអាចឲ្យមានគ្រោះថ្នាក់ដល់ជីវិត៕

ដោយ ៖ សហការី


ចែករំលែក៖