ព័ត៌មានទាន់ហេតុការណ៍៖

Mohamed Salah និង Diogo Jota រកបានម្នាក់២គ្រាប់ជួយ Liverpool ឈ្នះ Leeds ៦-១ នៅ Elland Road

ចែករំលែក៖

Mohamed Salah និង Diogo Jota រកបានម្នាក់២គ្រាប់ ដោយស៊ុតបញ្ចូលទីលើក្រុមម្ចាស់ផ្ទះ ខណៈដែល Liverpool បានឈ្នះការប្រកួតលីកដំបូងក្នុងរយៈពេល៥ប្រកួត ដោយបានបំបាក់ក្រុមម្ចាស់ផ្ទះ Leeds United ក្នុងលទ្ធផល៦ទល់១កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ មេសានេះ។

ក្រុមហង្សក្រហមមិនបានឈ្នះទេ ចាប់តាំងពីស៊ុតបញ្ចូលទី៧គ្រាប់ដែលមិនទាន់មានចម្លើយលើក្រុម Manchester United នៅដើមខែមីនា ប៉ុន្តែបន្ទាប់ពីការចាប់ផ្តើមយឺត ក្រុមនេះបានបំបាក់ក្រុមរបស់លោក Javi Gracia យ៉ាងចាស់ដៃ។

Cody Gakpo បានរកគ្រាប់បាល់បើកឆាកក្នុងតង់ទី១ នៅនាទីទី៣៥ ពីការបញ្ជូនបាល់ដោយប្រើកែងដៃរបស់កីឡាករ​ Trent Alexander-Arnold ប៉ុន្តែទាំងអាជ្ញាកណ្តាល ឬ VAR យល់ថា ការប៉ះកែងដៃនេះគឺមិនមានចេតនាក៏បានឲ្យគ្រាប់បាល់ចូលទីតែម្តង។ ជាមួយគ្នានេះខ្សែ​ប្រយុទ្ធ​អេហ្ស៊ីប Salah ​បាន​បង្កើន​ការ​នាំ​មុខគ្រាប់ទី២ នៅនាទីទី៣៩ ខណៈដែល Diogo Jota រកបានគ្រាប់បាល់ទី៣នៅតង់ទី២នៅនាទីទី៥២។

បន្ទាប់មកខ្សែប្រយុទ្ធអេហ្ស៊ីបដដែលបានបំប៉ោងសំណាញ់ទីគ្រាប់ទី២របស់ខ្លួន និងជាគ្រាប់ទី៤ក្នុងការប្រកួតនេះនៅនាទីទី៦៤ ហើយនៅនាទីទី៧៣ ខ្សែបម្រើប្រយុទ្ធ Diogo Jota រកបានគ្រាប់ទី៥ និងជាគ្រាប់ទី២របស់គាត់ក្នុងការប្រកួតដ៏ស៊ីចង្វាក់គ្នានេះ។ ក្រោយមក កីឡាករបម្រុង Darwin Nunez រកបាន១គ្រាប់ចុងម៉ោងនៅនាទីទី៩០ ពីការបញ្ជូនបាល់យ៉ាងល្អរបស់ Alexander-Arnold ។

ក្រុមម្ចាស់ផ្ទះ Leeds ក៏មានឱកាសរកបាន១គ្រាប់ផងដែរតាំងពីដើមតង់ទី២ នាទីទី៤៧ Luis Sinisterra ស៊ុតបាល់បញ្ចូលទីផុតដៃអ្នកចាំទីហង្សក្រហមAlisson ក្រោយពីក្រុមភ្ញៀវនាំមុខ២គ្រាប់។

ក្រុមរបស់លោក Jurgen Klopp នៅតែឈរលេខរៀងទី៨ក្នុងតារាង Premier League ដែលមាន១ពិន្ទុតាមពីក្រោយក្រុម Brighton ចំណាត់ថ្នាក់លេខ៧ និង២ពិន្ទុតាមក្រោយក្រុម Aston Villa ដែលស្ថិតនៅលេខ៦។

ក្រុមរបស់លោក Klopp កំពុងប្រឈមមុខនឹងការបញ្ចប់ជាលើកដំបូងរបស់ខ្លួននៅខាងក្រៅក្រុមកំពូលទាំង៤ក្នុងរយៈពេល៧រដូវកាល ហើយជាមួយនឹងក្រុម Aston Villa និង Brighton ក្នុងទម្រង់លេងដ៏អស្ចារ្យពីលើពួកគេ ដែលជាការរំពឹងទុកពិតប្រាកដនៃការមិនមានបាល់ទាត់នៅអឺរ៉ុបទាល់តែសោះជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៦-២០១៧ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC/Reuters/CNA)

 


ចែករំលែក៖