ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃអង្គារទី១៨ ខែមេសា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា មុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋចំនួន ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ បានចុះអន្តរាគមន៍ឃាត់ខ្លួនរួមនឹងវត្ថុតាងជាក់ស្ដែង យកមកសាកសួរដេីម្បីចាត់ការតាមច្បាប់។
របាយការណ៍ដដែលបន្តថា ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ជិះម៉ូតូឆក់ទួរស័ព្ទដៃ) បានកេីតឡេីងកាលពីវេលាម៉ោង០១និង០០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នៅចំណុចផ្លូវ១៧៨ កែងផ្លូវ នរោត្តម ភូមិ៩ សង្គាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បេីតាមមន្រ្តីជំនាញព្រហ្មទណ្ឌខណ្ឌដូនពេញ បានឱ្យដឹងថា៖ ជនសង្ស័យទី១-ឈ្មោះ ងិន រតនៈ ភេទប្រុស អាយុ២០ឆ្នាំ សា្នក់នៅ ភូមិដើមស្លែង សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរបុគ្គលិកក្រុមហ៊ុន(ឃាត់ខ្លួន), ជនសង្ស័យទី២-ឈ្មោះ ថុន រស្មី ភេទ ប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
ដោយឡែកជនរងគ្រោះ ឈ្មោះ MANIN DER SINGH ភេទប្រុស អាយុ២៣ឆ្នាំ សញ្ជិតឥណ្ឌា ស្នាក់នៅ ANOKOMAS Hotel ផ្លូវ១៩ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរអ្នករកស៊ី។
បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើ សមត្ថកិច្ចកំពុងសាកសួរដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕
ដោយ៖សហការី