ភ្នំពេញ៖ រយៈពេល ៣ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺចាប់ពីថ្ងៃទី ១៤-១៥-១៦ ឆ្នាំ២០២៣ ដែលទើបត្រូវបានបិទបញ្ចប់ មានគ្រោះអគ្គិភ័យកើតឡើងចំនួន១៥/៧លើក កើនឡើង៨ លើកនៅទូទាំងប្រទេសធៀបនឹងឆ្នាំ២០២២។ ប៉ុន្ដែករណីគ្រោះអគ្គិភ័យនេះកើតឡើង ១៥ លើកមិនបណ្ដាលឱ្យប្រជាពលរដ្ឋណាម្នាក់បាត់បង់អាយុជីវិតនោះទេ ពោលគ្រាន់តែរបួសមនុស្សម្នាក់។ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ករពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ករពន្លត់អគ្គិភ័យ និងសង្គ្រោះ បានគូសបញ្ជាក់ថា៖ រាជធានី ខេត្ត កើតមានអគ្គិភ័យរយះពេល៣ថ្ងៃនេះរួមមាន ខេត្តបន្ទាយមានជ័យ ១លើក, កំពង់ចាម ១លើក, បាត់ដំបង ១លើក, កណ្ដាល ១លើក, ព្រះវិហារ ១លើក, កំពង់ធំ ១លើក, ស្វាយរៀង ១លើក, ភ្នំពេញ ២លើក, កំពត ១លើក, ស្ទឹងត្រែង ១លើក, រតនគិរី ១លើក, ព្រះសីហនុ ១លើក, សៀមរាប ១លើកនិងខេត្តកំពង់ស្ពឺ១លើក។
ប្រភពដដែលបន្តថា បានឱ្យដឹងទៀតថា មូលហេតុ អគ្គិភ័យនេះបណ្ដាលមកពី ឆ្លងចរន្ដអគ្គិសនី ៨ ករណី, ភ្លើងទៀន ធូប ៥ករណី និងកំពុងស្រាវជ្រាវ២លើក។ ចំពោះករណីគ្រោះអគ្គិភ័យកើតឡើង ១៥ លើក មិនបណ្ដាលឲ្យមានពលរដ្ឋណាម្នាក់បាត់បង់អាយុជីវិតនោះទេ ពោលគ្រាន់តែរបួសមនុស្សម្នាក់ និងការខូចខាត ឆេះផ្ទះ១៣ខ្នង, បន្ទប់៦, ឃ្លាំង១ខ្នង និងរថយន្ដចំនួន៤គ្រឿង៕
ដោយ៖សហការី