ភ្នំពេញ ៖ បុរសម្នាក់ដែលស្លៀកពាក់សុីវិល ចេញមកកាក់រថយន្តយកលុយកាលពីវេលាម៉ោង ១០:២២នាទីយប់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នោះ មិនមែនជាសមត្ថកិច្ចនោះទេ។ នេះយោងតាមសេចក្តីបកស្រាយបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣។
បុរសម្នាក់ដែលស្លៀកពាក់សុីវិល ចេញមកកាក់រថយន្តយកលុយកាលពីវេលាម៉ោង ១០:២២នាទីយប់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នោះ មិនមែនជាសមត្ថកិច្ចនោះទេ គាត់ឈ្មោះ សុខ សុបុណ្យ អាយុ៤៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ប្រចាំនៅម្តុំស្ពានស្ទឹងមានជ័យ ។
បន្ទាប់ពីបានឃេីញការផ្សព្វផ្សាយព័ត៌មាននេះ នៅលេីបណ្តាញសង្គម ក្រុមការងារបានធ្វេីការស្រាវជ្រាវ ដេីម្បីរកមុខជនសុីវិលនេះ រហូតដល់ថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣ សមត្ថកិច្ចបានស្រាវជ្រាវរកគាត់ឃេីញនៅម្តុំស្ពានស្ទឹងមានជ័យ ហេីយបានហៅគាត់មកសាកសួរ និងបំភ្លឺ លេីករណីចេញយកលុយឡាននៅពេលយប់ ។
តាមការបញ្ជាក់របស់បុរសម្នាក់នេះ បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១០ និង ២២ នាទីយប់ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យតាមបណ្តាយផ្លូវមុន្នីរ៉េត ដោយឃើញសភាពស្ងាត់ មិនមានសមត្ថកិច្ចនៅគោលដៅ ម្យ៉ាងទៀតរត់ម៉ូតូមិនមានភ្ញៀវសោះ រហូតដល់កណ្តាលយប់ ទេីបគាត់ក៏ឆ្លៀតឱកាសចេញមកជាមួយដំបងបំភ្លឺផ្លូវ ដេីម្បីហៅរថយន្តខ្លះគ្រាន់បានថវិកាបន្តិចបន្តួច ដេីម្បីផ្ញេីជូនទៅម្តាយចាស់ជរាដែលមានអាយុ ៨៤ឆ្នាំ នៅឯខេត្តមុនចូលឆ្នាំ ។
បុរសម្នាក់នេះបានសារភាព ទទួលកំហុស ហេីយបានបញ្ជាក់ថា មិនមានបំណងណាមួយបន្លំជាសមត្ថកិច្ចនោះទេ ជាមួយនោះដែរគាត់បានធ្វេីការសុំទោសជាសាធារណ:ចំពោះបងប្អូនប្រជាពលរដ្ឋ មន្ត្រីសមត្ថកិច្ចអនុវត្តច្បាប់ ចំពោះកំហុសខុសឆ្គងនេះ ។ ការចេញយកលុយឡាននេះ មិនមានពាក់ព័ន្ធជាមួយមន្ត្រីគោលដៅឡេីយ គាត់ធ្វេីដោយខ្លួនឯង ដោយសារតែមិនមានភ្ញៀវដឹក ម្យ៉ាងទៀតខ្វះខាតផ្នែកជីវភាព និងចង់បានថវិកាខ្លះផ្ញេីជូនម្តាយចាស់មុនចូលឆ្នាំ ។
ជាចុងបញ្ចប់គាត់ត្រូវបានធ្វេីការណែនាំអប់រំ ធ្វេីកិច្ចសន្យា ដោយបានសន្យាថា មិនប្រព្រឹត្តខុសបែបនេះទៀតឡេីយ ដែលធ្វេីឲ្យប៉ះពាល់ដល់កិត្តិយសរបស់មន្ត្រីចរាចរណ៍ផ្លូវគោក ៕
ដោយ ៖ សហការី