ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់អោយដឹងថា នាថ្ងៃទី០២នៃចូលឆ្នាំថ្មី ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ អ្នកបើកទូកទេសចរណ៍ប្រចាំអន្លង់កាំពីបានប្រទះឃើញកូនផ្សោតទើបកើតថ្មីចំនួន០១ក្បាល កំពុងហែលលេងជាមួយហ្វូងផ្សោតពេញវ័យជាច្រើនទៀតនៅអន្លង់កាំពី ភូមិកាំពី ឃុំ ស្រុកចិត្របុរី ខេត្តក្រចេះ។ អ្នកបើកទូកទេសចរណ៍បានរាយការណ៍ជូនប្រធានឆ្នាំទន្លេ និងមន្ត្រីជលផលខេ្តតក្រចេះនិងបុគ្គលិកអង្គការ WWFដើម្បីជាព័ត៌មាន កត់ត្រានិងតាមដានបន្តទៀត។
ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបន្តថា ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ក្រុមស្រាវជ្រាវនៃខណ្ឌជលផលខេត្តក្រចេះ និងអង្គការ WWF បានចុះតាមដានកូនផ្សោតទើបកើតថ្មី ដោយតាមការប៉ាន់ប្រមាណកូនផ្សោតនេះទើបតែមានអាយុប្រមាណ០៣ថ្ងៃ។ នេះជាកូនផ្សោតទី០២ ដែលបានកត់ត្រានៅឆ្នាំ២០២៣។
សូមបញ្ជាក់ជូនថា នៅឆ្នាំ២០២២ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន០៦ក្បាល និងនៅឆ្នាំ២០២១ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន០៦ក្បាល៕
ដោយ ៖ សូរិយា