ដោយស្វែងរកការកក់កៅអីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់UEFA Champions League ក្រុមអធិរាជស Real Madrid បាននាំមុខ២គ្រាប់លើក្រុម Chelsea ក្នុងការប្រកួតជើងទី២នៃវគ្គ១/៤ផ្តាច់ព្រ័ត្ររបស់ក្រុមទាំង២នៅរាត្រីថ្ងៃអង្គារនេះនៅឯកីឡដ្ឋាន Stamford Bridge។
ការប្រកួតជើងទី១កាលពីសប្តាហ៍មុនក្រុម Real Madrid ដណ្តើមបានជ័យជម្នះយ៉ាងត្រចេះត្រចង់ក្នុងលទ្ធផល ២–០ នៅកីឡដ្ឋាន EstadioSantiago Bernabéu ដែល១គ្រាប់រកបានដោយ Karim Benzema នៅនាទីទី២១ និង១គ្រាប់ទៀតរកបានដោយ Marco Asensio នៅនាទីទី៧៤។
ក្រុមតោខៀវ Chelsea ត្រូវបានគេមើលឃើញខ្សែប្រយុទ្ធ Raheem Sterling ជាកីឡាករឆ្នើមក្នុងការប្រកួត Champions League ដោយរកបាន៣គ្រាប់។ ចំណែក Vinícius Júnior គឺជាខ្សែប្រយុទ្ធនាំមុខគេសម្រាប់ក្រុម Real Madrid ដោយស៊ុតបញ្ចូលទីបាន៦គ្រាប់ក្នុងក្របខ័ណ្ឌ Champions League រដូវកាលនេះ។ ខ្សែប្រយុទ្ធរូបនេះជាប់ចំណាត់ថ្នាក់លេខ៤ក្នុងតារាងពិន្ទុក្នុងការប្រកួតប្រជែងក្នុងឆ្នាំ ២០២២–២០២៣។
ក្រុមភ្ញៀវបានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួត Champions League ចំនួន៩គ្រាប់របស់ពួកគេក្នុងរដូវកាលនេះ ខណៈដែលក្រុមម្ចាស់ផ្ទះមួយនេះមិនស្គាល់ចាញ់សោះក្នុងការប្រកួតក្នុងផ្ទះខ្លួនឯងក្នុងក្របខ័ណ្ឌChampions League រដូវកាលនេះ ជាមួយនឹងជ័យជម្នះ៣លើក និងស្មើ១លើកពីការប្រកួតទាំង៤របស់ពួកគេនៅលើទឹកដីខ្លួនឯង។ ក្រុមតោខៀវមាន៤ប្រកួតមិនដែលឈ្នះក្នុងផ្ទះ (ស្មើ២ និងចាញ់២) គ្រប់ការប្រកួតទាំងអស់។
ក្នុងការប្រកួត៦លើកចុងក្រោយរបស់ពួកគេក្នុងការប្រកួតទាំងអស់ Chelsea ស្មើ២ និងចាញ់៤។ ក្រុមនេះស៊ុតបាល់បញ្ចូលទីចំនួន៣ និងបណ្តោយឱ្យគេស៊ុតចូល៩ក្នុងអំឡុងពេលនោះ ដោយបានស៊ុតបញ្ចូលទីដំបូងក្នុងការប្រកួតចំនួន២លើកក្នុងចំណោមការប្រកួតទាំង៦។
ចំណែក Real Madrid ឈ្នះ៤ និងចាញ់២ក្នុង៦ប្រកួតចុងក្រោយ។ ក្រុមនេះស៊ុតបាល់បញ្ចូលទី១៧គ្រាប់ ហើយបានបណ្តោយឱ្យគេស៊ុតវិញ៥គ្រាប់ ក្នុងវគ្គនោះស៊ុតបញ្ចូលទីបានមុនគេក្នុងចំណោម៦ គ្រាប់ទាំងអស់។
ប្រវត្តិជួបគ្នា៧លើកចុងក្រោយសម្រាប់ក្រុមទាំង២គឺៈ ៥ប្រកួតនៅ Champions League ក្រុម Real Madrid ឈ្នះ២ដង, Chelsea ឈ្នះ២ដង និងស្មើគ្នា១ដង ខណៈ២ប្រកួតទៀតក្នុងជំនួបនៅ International Champions Cup (ICC) ក្រុម Real Madrid ឈ្នះទាំង២ប្រកួត។
សម្រាប់ការប្រកួតនៅរាត្រីនេះ Real Madrid ចាំបាច់ត្រូវរក្សាសំណាញ់ទីឲ្យបានល្អ ដោយមិនឲ្យធ្លាយលើសពី២គ្រាប់នោះទេ ដើម្បីបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ចំណែក Chelsea វិញត្រូវការឈ្នះយ៉ាងហោចណាស់៣ទល់០ទើបអាចមានសំណាងឡើងទៅកាន់វគ្គបន្តបាន ប៉ុន្តែអាចនឹងពិបាកបន្តិច ព្រោះតែ Real Madrid មាន២គ្រាប់នៅក្នុងដៃរួចទៅហើយក្នុងការប្រកួតកាលពីជើងទី១ ៕ដោយ៖ ភារៈ
(រូបភាព ៖ BBC Sport/soccerway.com)