ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាយឈ្មោះបុរស៨នាក់ ធ្វើសកម្មភាពឆក់ត្រីនៅតំបន់ហាមឃាត់ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ត្រូវបានកោះហៅសាកសួរ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ យ៉ាងហោចមានមនុស្ស៨នាក់ដែលគេឃើញឈ្មោះជាជនសង្ស័យឆ្លៀតឱកាសធ្វើសកម្មភាពឆក់ត្រីខុសច្បាប់គ្រាដែលមន្ត្រីជំនាញជាប់រវល់នឹងពិធី បុណ្យចូលឆ្នាំថ្មី។ ហេតុការណ៍ឆក់ត្រីទាំងក្តៅនិងត្រជាក់នោះ បានកើតឡើងនៅក្នុងតំបន់អភិរក្សត្រីមេពូជអតីតឡូតិ៍នេសាទលេខ១០A ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។ សកម្មភាពឆក់ត្រីបែបអាណាធិបតេយ្យពាសពេញតំបន់អភិរក្សអតីតឡូតិ៍នេសាទលេខ១០អា និងមានទាំងអស់នៅលើក្រដាសត្រូវបានបែកធ្លាយឈ្មោះក្នុងនោះ រួម មានប្រជាពលរដ្ឋ មួយចំនួនរស់នៅក្នុងភូមិជើងគ្រោះ ឃុំស្វាយរំពា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង  ។

សេចក្តីរាយការណ៍បានឱ្យដឹងថាជនសង្ស័យដែលស្ថិតក្នុងក្រដាសលេចធ្លាយកាលពីថ្ងៃទី១៦ មេសានោះ បានឆ្លៀតឱកាសសម្រុកចូលធ្វើសកម្មភាពឆក់ត្រីអាណាធិបតេយ្យ គ្រាដែលសមត្ថកិច្ចនិងប្រជាពលរដ្ឋកំពុងជាប់ដៃការពារសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ពួកគេប្រើប្រាស់ឧបករណ៍ឆក់ត្រីក្តៅនិងត្រជាក់នៅចំណុចភូមិសាស្រ្តដែលគ្រប់គ្រងដោយ លោក កឹក ហៃ ប្រធានសហគមន៍នេសាទស្វាយរំពារនិងសំរោងសែន។ សកម្មភាពឆក់ត្រីខុសច្បាប់នោះ នៅចំណុចអតីតឡូតិ៍លេខ10Aដែលជាតំបន់អភិរក្សត្រីមេពូជ ។

ក្រដាសបញ្ជីឈ្មោះក្រុមជនដែលធ្វើសកម្មភាពល្មើស ច្បាប់ឆក់ត្រីក្នុងតំបន់អភិរក្សអតីតឡូតិ៍នេសាទលេខ១០អារួមមានឈ្មោះទី១.ឈាង ឈី,២ ឈ្មោះ ឈឹម អឿន,៣ ឈ្មោះ ឈឹម អូន,៤ ឈ្មោះ តាន់គឹមជ្រូក,៥ ឈ្មោះ អ៊ន អូន,៦ ឈ្មោះវ៉ាន់ ថន,៧ ឈ្មោះ អានសាវុន អ្នកទាំងអស់រស់នៅក្នុងភូមិជើងគ្រោះ និងទី៨ ឈ្មោះ ថាត ដែលមកស្នាក់នៅរកស៊ីក្នុងភូមិជើងគ្រោះឃុំស្វាយរំពា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងតំបន់នោះបានអោយដឹងថាក្រុមអ្នកនេសាទដោយឧបករណ៍ឆក់ត្រីធ្វើសកម្មភាពចាប់ពីចំណុចស្ទឹងពពុត,ស្វាយបាក់,ស្ទឹងសណ្តាន់,បឹងផ្សោត,ដែលស្ថិតក្នុងភូមិជើងគ្រោះ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ 

នៅល្ងាចថ្ងៃទី១៨ខែមេសាឆ្នាំ ២០២៣ នាយខណ្ឌរដ្ឋ បាលជលផល លោក លី ឡា ត្រូវបានគេដកស្រង់សម្តីដោយលោកបានបញ្ជាក់ឲ្យដឹងតាមទូរស័ព្ទថា ពាក់ព័ន្ធនិងករណីនេសាទដោយ ប្រើឧបករណ៍ឆក់ប្រភេទក្តៅនិងត្រជាក់ នៅចំណុចខាងលើនេះ គឺនៅថ្ងៃទី១៩មេសាមេសា ២០២៣ លោកនឹងកោះហៅពួកជនដែលមាន ឈ្មោះទាំងនោះនិងសហគមន៍នេសាទទាំងនោះមកចូលដោះស្រាយ បំភ្លឺនៅសាលាស្រុកកំពង់លែងដើម្បីអប់រំនិងដកហូតសម្ភារៈឧបករណ៍ឆក់ដើម្បីបំផ្លាញចោល។

លោកនាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងទៀតថា លោកនឹងស្នើឲ្យមានតំណាងមន្ទីរកសិកម្មនិងលោកអភិបាលរងស្រុកទទួលបន្ទុកបង្ក្រាបបទល្មើសនេសាទ និងកងកម្លាំង ដើម្បីចូលរួមដោះ ស្រាយនៅទី១៩ខែមេសាស្អែកនេះផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖