ព័ត៌មានទាន់ហេតុការណ៍៖

អាកាសធាតុក្តៅខ្លាំងនាំឱ្យមានការបិទសាលារៀននៅតំបន់ខ្លះនៃប្រទេសឥណ្ឌា

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣ បានផ្សាយថា អាជ្ញាធរនៅតំបន់ខ្លះនៃប្រទេសឥណ្ឌាបានណែនាំឱ្យបិទសាលារៀនជាបណ្តោះអាសន្ន បន្ទាប់ពីសីតុណ្ហភាពបានកើនឡើងដល់ជាង៤០អង្សាសេ។
បើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋបាលតំបន់ យ៉ាងហោចណាស់រដ្ឋចំនួនពីរគឺ ទ្រីពូរ៉ា (Tripura) នៅភាគឦសាន និងរដ្ឋវែសប៊ែងហ្កាល់ (West Bengal) នៅភាគខាងកើត បានចេញបទបញ្ជាឱ្យបិទសាលារៀននៅសប្តាហ៍នេះ ដោយសារតែសីតុណ្ហភាពកើនឡើង ៥អង្សាសេលើសពីកម្រិតធម្មតា។
ការិយាល័យអាកាសធាតុ បានឱ្យដឹងថា ទីក្រុងកុលកាតា (Kolkata) ដែលជារដ្ឋធានីនៃរដ្ឋ West Bengal មានសីតុណ្ហភាព ៤០អង្សាសេនៅថ្ងៃទី១៣ ខែមេសា និង ៤១អង្សាសេ នៅថ្ងៃទី១៤ ខែមេសា ដែលកើនឡើងលើសពី៥អង្សាសេខ្ពស់ជាងកម្រិតធម្មតា អំឡុងពេលវេលាដូចគ្នានេះប្រចាំឆ្នាំ តាមការព្យាករ ។ឥណ្ឌាទំនងជាជួបប្រទះនឹងរលកកម្តៅនៅចន្លោះខែមីនា និងខែឧសភា។
សីតុណ្ហភាពអតិបរមាជាមធ្យម ក្នុងខែកុម្ភៈនៅទូទាំងប្រទេសឥណ្ឌាគឺជិត៣០អង្សា ជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩០១មក។ ក្រុមអ្នកវិទ្យាសាស្ត្របានភ្ជាប់ការចាប់ផ្តើមកើនឡើងកម្តៅនៃរដូវក្តៅខ្លាំងនេះ ទៅនឹងកត្តាប្រែប្រួលអាកាសធាតុ ហើយនិយាយថា មនុស្សជាង ១ពាន់លាននាក់នៅក្នុងប្រទេសឥណ្ឌា និងប្រទេសជិតខាងគឺប៉ាគីស្ថានងាយរងគ្រោះដោយសារកម្តៅខ្លាំង៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ TTXVN)


ចែករំលែក៖