ភ្នំពេញ៖ ក្នុងព្រឹត្តិការណ៍រៀបចំទទួលកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលនឹងចាប់ផ្តើមបើកជាផ្លូវការនាថ្ងៃទី៥ ខែឧសភា ខាងមុខនេះនៅពហុកីឡដ្ឋានជាតិមរតកតេជោ ប្រទេសកម្ពុជា បានកំពុងធ្វើរឿងដ៏អស្ចារ្យ ៣យ៉ាង។
តោះចង់ដឹងអត់ថា! រឿងដ៏អស្ចារ្យ ៣យ៉ាង ដែលកម្ពុជានៅពេលទទួលរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នេះ មានអ្វីខ្លះ? សូមអានព័តមានលម្អិតនៅខាងក្រោមនេះ៖
*ទី១. អ្នកគាំទ្រជាតិ និងអន្តរជាតិចូលទស្សនាដោយឥតគិតថ្លៃ
តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានចែងថា ការចូលទស្សនាពិធីបើក និងការចូលទស្សនាពិធីបិទនៃកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ា ព្រមទាំងចូលទស្សនាការប្រកួតគ្រប់ប្រភេទកីឡាទាំងអស់ក្នុងកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺត្រូវបានអនុញ្ញាតឱ្យចូលទស្សនាដោយឥតគិតថ្លៃ ដោយមិនមានការលក់សំបុត្រទាំងអ្នកគាំទ្រជាតិ-អន្តរជាតិ។
ចំណុចនេះ កម្រមានប្រទេសម្ចាស់ផ្ទះណាដែលរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមមិនយកប្រាក់ពីអ្នកចូលទស្សនាណាស់ ទាំងប្រជាពលរដ្ឋរបស់ខ្លួន និងជនបរទេស។ យ៉ាងណា ប្រទេសព្រុយណេធ្លាប់មិនយកតម្លៃសំបុត្រពីអ្នកចូលទស្សនាផ្ទាល់។
*ទី២. មិនយកតម្លៃសិទ្ធិការផ្សព្វផ្សាយ ការផ្សាយផ្ទាល់ និងការផ្សាយបន្តផ្ទាល់តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ គឺមិនយកតម្លៃនៃការផ្តល់សិទ្ធិផ្សព្វផ្សាយព័ត៌មានកីឡាទាំងក្នុង និងក្រៅប្រទេសឡើយ។ ដូច្នេះទាំងអ្នកសារព័ត៌មាន ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក និងក្រៅប្រទេសទទួលបានសិទ្ធិការផ្សាយផ្ទាល់ និងផ្សាយបន្តផ្ទាល់ដោយមិនចាំបាច់ចំណាយអ្វីទាំងអស់។
កន្លងមក ប្រទេសម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាមិនធ្លាប់មានប្រវត្តិផ្តល់សិទ្ធិការផ្សាយផ្ទាល់ និងផ្សាយបន្តផ្ទាល់ដោយគិតថ្លៃនោះទេ។ នេះអាចចាត់ទុកថា កម្ពុជាជាប្រទេសដំបូងគេក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមដែលមិនយកតម្លៃលើសិទ្ធិផ្សព្វផ្សាយ។
*ទី៣. មិនយកតម្លៃលើការស្នាក់នៅ ម្ហូបអាហារ និងការធ្វើដំណើររឿងកាន់តែអស្ចារ្យទៀតនោះគឺកម្ពុជាមិនយកតម្លៃលើការស្នាក់នៅ ម្ហូបអាហារ និងការធ្វើដំណើរក្នុងប្រទេសពីអត្តពលិក និងប្រតិភូកីឡាអន្តរជាតិដែលចូលរួមប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឡើយ ដែលតាមគោលការណ៍១នាក់ត្រូវបង់ថ្លៃ៥០ដុល្លារ ក្នុង១ថ្ងៃគិតចាប់ពីចូលដល់ប្រទេសកម្ពុជារហូតវិលត្រឡប់ទៅប្រទេសកំណើតវិញ។
សេចក្តីសម្រេចនេះធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍រួម និងបច្ចុប្បន្នភាពការងារឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម កាលពីព្រឹកថ្ងៃទី១៨ ខែមេសា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបជូនថា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ក្នុងពិធីជួបជុំមហាគ្រួសារកីឡាកម្ពុជាកាលពីល្ងាច ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ថ្មីៗនេះថា៖«យើងមិនមែនត្រូវការប្រាក់កាក់ដែលចេញមកពីការប្រមូលនៃការលក់សំបុត្រ ឬការលក់សិទ្ធិផ្សព្វផ្សាយណាមួយពីកម្ពុជានោះទេ។ តម្រូវការចាំបាច់របស់យើងនៅពេលនេះមិនមែនប្រាក់ដែលបានមកពីការលក់សំបុត្រ ឬលក់សិទ្ធិនៃការផ្សព្វផ្សាយទេ។ តម្រូវការរបស់យើងគឺចង់ឲ្យពិភពលោកស្គាល់កម្ពុជាតែម្តង»៕
ដោយ៖សហការី