ភ្នំពេញ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី១៩ មេសា ឆ្នាំ២០២៣នេះថា នៅក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ប្រជាពលរដ្ឋជិះរថយន្តក្រុងមានប្រមាណជិត៥ម៉ឺននាក់ ក្នុងនោះខ្សែរត់តាមផ្លូវជាតិលេខ៦ច្រើនជាងគេ គឺមានអ្នកជិះរហូតដល់ជិត២ម៉ឺននាក់។ លោក ម៉េត មាសភក្ដី បានបន្តថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញបានបញ្ចេញរថយន្តក្រុងដឹកអ្នកដំណើរចំនួន៣៤៥ គ្រឿងសម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដើម្បីសម្រួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដោយមិនយកប្រាក់ឡេីយ។
សូមបញ្ជាក់ថា កាលពីព្រលឹមថ្ងៃទី១៣មេសា គឺមុនថ្ងៃចូលឆ្នាំមួយថ្ងៃលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញរួមជាមួយមន្ត្រីជាច្រើនរូបទៀត បានអញ្ជើញជូនដំណើរប្រជាពលរដ្ឋឡើងជិះរថយន្តទៅស្រុកកំណើតតាមខេត្តក្រុងនានាដោយសាលារាជធានីភ្នំពេញបានរៀបចំគោលដៅចេញដំណើរជាច្រើនកន្លែងនៅចំណុចផ្លូវជាតិចេញចូលរាជធានីភ្នំពេញ។
ចំណែកសេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញគឺប្រើប្រាស់រថយន្តចំនួន ៧០គ្រឿង និងសេវាដឹកជញ្ជូនប្រជាពលរដ្ឋដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត និងតាមបណ្តាខេត្តមករាជធានីភ្នំពេញវិញ ប្រើប្រាស់រថយន្តចំនួន២៧៥គ្រឿងដែលមានទីតាំងនិងគោលដៅចេញដំណើរនិងពេលវេលាច្បាស់លាស់ ក្នុងនោះមានផ្លូវជាតិលេខ១មានភ្នំពេញ-កណ្តាល,ភ្នំពេញ-ព្រៃវែងរថយន្ត៥គ្រឿងមានចំណតនៅស្ថានីយចំណតវាលស្បូវ។ ភ្នំពេញ-កណ្តាល,ភ្នំពេញ-ស្វាយរៀងរថយន្ត៥ គ្រឿង ចំណតនៅមុខទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ផ្លូវជាតិលេខ២ ភ្នំពេញ- កណ្តាល, ភ្នំពេញ-តាកែវ រថយន្ត៥គ្រឿង ទីតាំងចំណតដូចខាងលើ ។ ផ្លូវជាតិលេខ៣ ភ្នំពេញ-កែប, ភ្នំពេញ-កំពតរថយន្ត៥គ្រឿង ទីតាំងចំណតនៅដីឡូត៍មុខគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញផ្លូវ ២០០៤។ ផ្លូវជាតិលេខ៤ ភ្នំពេញ-កំពង់ស្ពឺ, ភ្នំពេញ-ព្រះសីហនុ រថយន្ត១០គ្រឿង ទីតាំងចំណតដីឡូត៍មុខគណបក្សរាជធានីភ្នំពេញ។ គោលដៅផ្លូវជាតិលេខ៥ភ្នំពេញ-កំពង់ឆ្នាំង, ភ្នំពេញ-ពោធិ៍សាត់,ភ្នំពេញ-បាត់ដំបង,ភ្នំពេញ-បន្ទាយមានជ័យ ,ភ្នំពេញ-កំពង់ធំរថយន្តសរុប១១៨គ្រឿង ទីតាំងចំណតគឺស្ថានីយចំណតសួនច្បារឫស្សីកែវ។ ផ្លូវជាតិលេខ៦ ភ្នំពេញ-សៀមរាប ចំនួន១០០គ្រឿង នៅរង្វង់មូលទេពមច្ឆា ជ្រោយចង្វា(OCIC) ។ ផ្លូវជាតិលេខ៦, លេខ៧ ភ្នំពេញ-កំពង់ចាម, ភ្នំពេញ- ត្បូងឃ្មុំ រថយន្ត១០គ្រឿង។
លោក ឃួង ស្រេង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋាករស្វយត័ដឹកជញ្ជូនសាធារណៈ (City Bus)រាជធានីភ្នំពេញដែលប្រកបដោយសុវត្ថិភាព និងផាសុកភាព។
លោកបានបន្តថា ក្រោមម្លប់នៃសន្តិភាព និងក្រោមការដឹកនាំប្រកប ដោយភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ,សម្តេចតែងបានគិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងគ្រប់ពេលវេលា៕
ដោយ ៖ សំរិត