ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជំនាញជលផលខេត្តក្រចេះ​ បង្កើនសកម្មភាពការពារសត្វផ្សោត ដើម្បីឱ្យមានកំណើនឡើងវិញនៅដើមឆ្នាំ២០២៣នេះ!

ចែករំលែក៖

ខេត្តក្រចេះ៖ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល និងជាប្រធានក្រុមអភិរក្សសត្វផ្សោត​ខេត្តក្រចេះ​ បានថ្លែង​ឱ្យ​ដឹង​នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះថា៖​ មន្ត្រីជំនាញជលផលខេត្តក្រចេះ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងអង្គការដៃគូ បានបង្កើនកម្លាំង និងសកម្មភាពការពារសត្វផ្សោត ក្នុងតំបន់អភិរក្ស បានធ្វើឲ្យកំណើតសត្វផ្សោត មានការកើនឡើងវិញ និងមិនមានងាប់ថ្មី នៅដើមឆ្នាំ២០២៣នេះ ។

លោកនាយខណ្ឌរដ្ឋបាលជលផលរូបនេះ​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖ ក្នុងការងារអភិរក្សសត្វផ្សោត​នៅឆ្នាំ​២០២៣នេះ​ អាជ្ញាធរបានប្រមូលនូវកម្លាំងពីតំបន់ផ្សេងៗ ​មកជួយល្បាតនៅតំបន់កាំពី សហការ​ជាមួយ​សហគមន៍នេសាទ​​ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីអង្គការ WWF ដោយល្បើត២៤ម៉ោង​លើ២៤ម៉ោង ​ចែកចេញជាពីរក្រុម​ ក្នុងមួយក្រុមចំនួន ១២នាក់ ​ប្រើប្រាស់ម៉ាស៊ីនទូក ៤គ្រឿង និងអូប័រ ១គ្រឿង ប្រចាំការ ។

លោកប្រធានក្រុមអភិរក្សសត្វផ្សោត​ខេត្ត​ បានបន្ថែមទៀតថា ​ចាប់ពីខែមករា រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ​ដោយសារមានយន្តការ​ថ្មីនេះ ​ពុំទាន់មានករណីសត្វផ្សោតងាប់ថ្មី ​ដូចឆ្នាំ២០២២កន្លងមកនោះទេ ហើយនៅដើម​ឆ្នាំ២០២៣នេះ ​សត្វផ្សោតកើតកូនបានចំនួន ២ក្បាលបន្ថែមទៀត ​ខណៈគិតត្រឹមឆ្នាំ២០២០ សត្វផ្សោត​នៅតំបន់អភិរក្សមានចំនួន ៨៩ក្បាល។

បន្ថែមពីនេះ​ លោក​ ម៉ុក​ ពន្លក បន្តថា បច្ចុប្បន្ននេះមន្ត្រីជំនាញមិនមែន​ផ្ដោតលើ​តែការបង្ក្រាប ការពារនៅក្នុងទឹកនោះទេ ខណ្ឌរដ្ឋបាលជលផលខេត្ត បានសហការជាមួយសមត្ថកិច្ច​ពាក់ព័ន្ធ និងអង្គការ WWF បានចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមភូមិ ឲ្យដឹងពីសារសំខាន់​នៃសត្វផ្សោត ​ដើម្បីឲ្យពួកគាត់ចូលរួមថែរក្សា ​និងអភិរក្សផងដែរ ។​ លោក បន្ថែមថា​ កាលពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងទៅថ្មីៗនេះ តំបន់រមណីយដ្ឋានកាំពី មានភ្ញៀវទេសចរណ៍ទៅលេងកម្សាន្ត និងទស្សនាសត្វផ្សោត បានប្រមាណជិត ៦ម៉ឺននាក់ផងដែរ។ 

គួតបញ្ជាក់ថា អ្នកបើកទូក​ទេសចរ​ប្រចាំ​អន្លង់កាំពី​ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣​ បានប្រទះឃើញកូនផ្សោតកើតថ្មីចំនួន ១ក្បាល កំពុងហែលលេងជាមួយហ្វូង​ផ្សោតពេញ​វ័យ​ជាច្រើនទៀតនៅអន្លង់កាំពី ស្ថិតក្នុងស្រុកចិត្របុរី​ ហើយថ្ងៃទី១៨ ​ខែមេសា ម្សិលមិញ​ ក្រុមស្រាវជ្រាវ ​នៃ​ខណ្ឌជលផលខេត្តក្រចេះ និងអង្គការ WWF បានចុះតាមដានកូនផ្សោតទើបកើតថ្មី ដោយតាមការ​ប៉ាន់ប្រមាណកូនផ្សោតនេះ ទើបតែមានអាយុប្រមាណ៣ថ្ងៃ ​ហើយកាលពីឆ្នាំ២០២២ ក្រុមការងារកត់ត្រាកូនផ្សោតបានចំនួន ៦ក្បាល និងនៅឆ្នាំ២០២១ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន៦ក្បាលផងដែរ៕

ដោយ​៖ សហការី​


ចែករំលែក៖