ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ឯក ជា ពៅ ណែនាំ​ ៣ចំណុច​ដល់នាយកដ្ឋានជំនាញចំនួន៦ ដើម្បីរៀបចំផែនការការពារសន្តិសុខ​ សណ្តាប់ធ្នាប់ ជូនគណៈប្រតិភូជាន់ខ្ពស់ជាតិ អន្តរជាតិ ក្នុងព្រឹត្តិការណ៍បើក-បិទ​ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២

ចែករំលែក៖

ភំ្នពេញ៖ លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃពុធ ១៤រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣​ បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការការពារពិធីបើក-បិទ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (SEA GAMES) និងកីឡាជនពិការលើកទី១២ (ASEAN PARA GAMES) នៅអគ្គស្នងការដ្ឋាននគរបាលជាតិ​ ដោយមានការអញ្ជើញចូលរួមពីអនុប្រធាននាយកដ្ឋានចំនួន ០៨រូប នៃនាយកដ្ឋានជំនាញទាំង ៦ រួមមាន ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា, នាយកដ្ឋានចារកម្ម, នាយកដ្ឋានសន្តិសុខផ្ទៃក្នុង, នាយកដ្ឋានស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេស និងនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន។ 

នៅក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ បានធ្វើការណែនាំទៅដល់កម្លាំងជំនាញទាំងអស់ ឲ្យយកចិត្តទុកដាក់អំពីស្ថានការណ៍ទូទៅ ក្នុងអំឡុងពេលព្រឹត្តិការណ៍ ក៏ដូចជាការបែងចែកតួនាទី-ភារកិច្ច និងរៀបចំផែនការលម្អិតឲ្យបានម៉ត់ចត់ ដើម្បីការពារសុវត្ថិភាព ជូនគណៈប្រតិភូជាន់ខ្ពស់ជាតិ អន្តរជាតិ ប្រមុខរដ្ឋ រដ្ឋាភិបាល រាជរដ្ឋាភិបាល និងមហាជន ទាំងការអញ្ជើញមកដល់ និងដំណើរវិវត្តន៍ ឲ្យប្រកបដោយជោគជ័យ។

លោកអគ្គស្នងការរង​ បានសង្កត់ធ្ងន់ចំនួន៣ចំណុច ៖

១-ក្រុមការងារទាំងអស់ ត្រូវផ្លាស់ប្តូរព័ត៌មានឲ្យគ្នាទៅវិញទៅមក ឲ្យទាន់ពេលវេលា ដើម្បីគ្រប់គ្រងសភាពការណ៍។

២-ភារកិច្ចជាប្រចាំរបស់នាយកដ្ឋាននីមួយៗ ដែលធ្លាប់ធ្វើការការពារ ត្រូវយកមកពិនិត្យដោយខ្លួនឯងឲ្យហើយ ដើម្បីក្តាប់ព័ត៌មាន ប្រមែប្រមូលព័ត៌មាន វិភាគព័ត៌មាន និងកំណត់មុខសញ្ញា ដើម្បីផ្លាស់ប្តូរឲ្យទាន់សភាពការណ៍។

៣-ប្រធានក្រុមនីមួយៗ ត្រូវយកផែនការទៅធ្វើលំអិត និងយកទៅសិក្សាភូមិសាស្រ្តពិនិត្យមើលជាក់ស្តែង ដើម្បីដាក់កម្លាំង និងធ្វើវឌ្ឍនភាពដាក់ចូលក្នុងគ្រុបនៃកិច្ចប្រជុំ។

មុននឹងបញ្ចប់កិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក ជា ពៅ សង្ឃឹមថាកិច្ចប្រជុំនាថ្ងៃនេះ អស់លោកជាប្រធានក្រុមការងាររបស់នាយកដ្ឋានជំនាញនីមួយៗ នឹងយកផែនការនេះទៅបំបែកធ្វើផែនការតូចទៅអនុវត្តលំអិតឱ្យមានប្រសិទ្ធភាព៕

ដោយ​៖សហការី​


ចែករំលែក៖