ភ្នំពេញ ៖ នគរបាលខណ្ឌប្ញស្សីកែវ ស្រាវជ្រាវបង្រ្កាបជាក់ស្តែង ជនដៃដល់សម្លាប់មនុស្សដោយអចេតនា ដោយប្រើដំបង វាយក្បាលបណ្តាលអោយជនរងគ្រោះស្លាប់ កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង ២០និង ០០នាទី នៅចំណុចផ្លូវលំ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
លោកអធិការខណ្ឌប្ញស្សីកែវ ហ៊ាង ថារ៉េត បានអោយដឹងថា ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ ជាជនជាតិចិន (កំពុងស្រាវជ្រាវរកក្រុមគ្រួសារ)។
ចំណែកជនសង្ស័យ ចំនួន០២នាក់ ៖ ១- ជនសង្ស័យ ឈ្មោះ ស្រឿន រិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅបន្ទប់ជួល ផ្លូវលំ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ខណ្ឌប្ញស្សីកែវ(គ្មានសារធាតុញៀន) ។
២-ជនសង្ស័យ ឈ្មោះ អៀត ថុក ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងជួសជុលរថយន្ត មានទីលំនៅបន្ទប់ជួល ផ្លូវលំ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវគ្មានសារធាតុញៀន) ។
*សម្ភារៈ ដកហូតរួមមាន ៖ ដងអំបោសដែកប្រវែង៥០cmចំនួន០១ដើម។
*សម្ភារៈបន្សល់ទុករួមមាន ៖ អាវយឺតដៃខ្លី ពណ៌ខៀវ ចំនួន០១ ជារបស់ជនរងគ្រោះ ។
លោក ហ៊ាង ថារ៉េត បានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះ មានសភាពសតិមិនប្រក្រតីបានអង្គុយនិយាយម្នាក់ឯងនិងធ្វើកាយវិការតែម្នាក់ឯងនិងបានដើរតាមផ្លូវនិងរត់ចុះត្រាំលូទឹកស្អុយបន្ទាប់មកបានដើរចូលផ្ទះជនសង្ស័យៗព្យាយាមដេញជនរងគ្រោះអោយចេញពីផ្ទះ តែជនរងគ្រោះមិនព្រមចេញ ហើយជនសង្ស័យបានយកដងអំបោសធ្វើពីដែកវាយចំក្បាលផ្នែកខាងក្រោយរបស់ជនរងគ្រោះបណ្ដាលអោយរងរបួស និងបាននាំគ្នាចាប់ទាញជនរងគ្រោះចេញយកមកទុកមុខការ៉ាស់សាំងតូតាល់ក្បែរលូទឹកស្អុយរួចនាំគ្នាត្រឡប់ទៅផ្ទះបាត់។
លុះមកដល់ព្រឹកថ្ងៃទី១៨ខែមេសាឆ្នាំ២០២៣វេលាម៉ោង០៧ និង០០នាទី សមត្ថកិច្ចយើងបានទទួលដំណឹងពីប្រជាពលរដ្ឋថាមានសាកសពអណ្ដែតក្នុងលូទឹកស្អុយនៅចំណុចប្រឡាយលូទឹកស្អុយភូមិទួលសង្កែសង្កាត់ទួលសង្កែទី១ខណ្ឌប្ញស្សីកែវបន្ទាប់ពីទទួលដំណឹងពីប្រជាពលរដ្ឋកំលាំងជំនាញខណ្ឌនិងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនែស្នងការនគរបាលរាជធានីនិងវិជ្ជពេទ្យតុលាការបានចុះពិនិត្យកន្លែងកើតហេតុបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយមានជនសង្ស័យវាយពីក្រោយត្រូវក្បាល។បន្ទាប់មកសមត្ថកិច្ចយើងបានបើកការស្រាវជ្រាវក្នុងរង្វង់ប្រត្តិបត្តិការកំលាំងជំនាញ ឈានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ខាងលើ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួល ផ្លូវលំភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ៕
ដោយ៖ ជីណា