ខេត្តព្រៃវែង ៖ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យសម្ពោធឆ្លងឧបដ្ឋានសាលាថ្មី និងសមិទ្ធផលនានានៅវត្តមហាពោធិមង្គល ស្ថិតនៅឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
លោក សឿង សុជាតិ អភិបាលស្រុកកញ្ជ្រៀច បានធ្វើសេចក្តីរាយការណ៍សង្ខេបថា វត្តមហាពោធិមង្គល បានកើតឡើងនៅឆ្នាំ១៩២៤ លើដីទួលមួយកន្លែងចំងាយប្រមាណ១០០ម៉ែត្រ ពីទីតាំងបច្ចុប្បន្ន ក្រោមការដឹកនាំរបស់ព្រះតេជគុណព្រះនាម ខៀវ និងបន្តរហូតដល់ជំនាន់ព្រះគ្រូចៅអធិការទី២ ព្រះនាម ញឹក តន់ ក៏បានឯកភាពជាមួយពុទ្ធបរិស័ទរុះរើវត្តមកកន្លែងសព្វថ្ងៃ បន្ទាប់ពីវត្តចាស់ត្រូវរងការបំផ្លាញដោយសារខ្យល់ព្យុះ។
លោកអភិបាលស្រុក បន្តថា ក្រោយការបំផ្លាញក្នុងរបបខ្មែរក្រហម នៅឆ្នាំ១៩៨០ ព្រះតេជគុណព្រះនាម ឃឹម អឹម បានដឹកនាំពុទ្ធបរិស័ទកសាងទីអារាមនេះឡើងវិញ និងបានឆ្លងកាត់ព្រះចៅអធិការវត្តជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០១៨។ ដោយឧបដ្ឋានសាលាចាស់មានសភាពទ្រុធទ្រោម និងជួបការលំបាកនារដូវវស្សា វត្តបានសម្រេចកសាងឧបដ្ឋានសាលាថ្មីមានបណ្ដោយ ២៩ម៉ែត្រ ទទឹង ១៨ម៉ែត្រ ហើយបានសាងសង់ហើយរួចរាល់នៅដើមឆ្នាំ២០២៣នេះ។
លោកបន្ថែមថា ឧបដ្ឋានសាលានេះសាងសង់អស់ថវិកាជាង ២៨ម៉ឺនដុល្លារអាមេរិក ជាថវិកាបានមកពីការគាំទ្ររបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង ព្រះចៅអធិការវត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានភូមិកញ្ជ្រៀច ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជននានាផងដែរ។
នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រុមការងារ ក្រុង ស្រុក ឃុំ សង្កាត់ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំអស់កម្លាំងកាយចិត្ត និងបញ្ញាស្មារតី ចូលរួមថែរក្សា សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានល្អប្រសើរ ធ្វើឱ្យពីធីបុណ្យចូលឆ្នាំប្រពៃណីជាតិកន្លងទៅនេះ ប្រព្រឹត្តទៅប្រកបដោយបរិយាកាសអធិកអធម សាមគ្គីភាព និងសប្បាយរីករាយ។ ជាមួយគ្នានោះ សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកញ្ជ្រៀច ខេត្តព្រៃវែង និងសប្បុរសជន ដែលបានបរិច្ចាគនូវធនធានជាច្រើន និងលះបង់កម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការចូលរួមលើកស្ទួយវិស័យពុទ្ធសាសនា និងវិស័យផ្សេងៗ ជាច្រើនទៀត ដើម្បីអភិវឌ្ឍមូលដ្ឋានស្រុកកញ្ជ្រៀច។
សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា កម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានសម្រេចនូវសមិទ្ធផលថ្មីៗជាច្រើន លើមាគ៌ានៃការអភិវឌ្ឍបើទោះបីជាជំងឺកូវីដ-១៩ មិនទាន់ត្រូវបានលុបបំបាត់ទាំងស្រុងក្តី និងត្រូវទទួលរងឥទ្ធិពលពីការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ។ សម្ដេចបន្តថា សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាជន ត្រូវបានការពារយ៉ាងគត់មត់ដោយកម្លាំងជាតិទាំងមូល ដែលបានរួមសាមគ្គីគ្នាយ៉ាងរឹងមាំជុំវិញរាជរដ្ឋាភិបាល។
សម្ដេចក្រឡាហោម បានបន្តថា សម្រាប់វិស័យសាសនា រាជរដ្ឋាភិបាលបានពង្រឹងសុខដុមនីយកម្មរវាងសាសនិក នៃគ្រប់សាសនា ប្រឆាំងការរើសអើង ប្រឆាំងការបែងចែកបក្ខពួកក្នុងចំណោមប្រជាពលរដ្ឋដែលកាន់សាសនាខុសគ្នា សំដៅប្រែក្លាយសក្តានុពល នៃសាសនាទាំងអស់អោយក្លាយជាកម្លាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងពង្រឹងសន្តិភាព សាមគ្គីភាព ថែរក្សាប្រពៃណីជាតិ អប់រំទូន្មានមនុស្ស លើកតម្កើងសីលធម៌ និងរាំងស្កាត់ការយក សាសនាទៅធ្វើអាជីវកម្ម។
ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ត្រៀមខ្លួនឱ្យបានគ្រប់គ្រាន់ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នាពេលខាងមុខនេះ ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអនុវត្តសិទ្ធិក្នុងឋានៈជាពលរដ្ឋ និងជាម្ចាស់នៃជោគវាសនាប្រទេសជាតិ៕
ដោយ ៖ សហការី