ភ្នំពេញ ៖ អណ្តូងទឹកស្អាតជាច្រេីន ដែលជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាននឹងកំពុងបន្តខួងរៀបចំប្រទានជូនប្រជារាស្ត្ររស់នៅតាមបណ្តាមូលដ្ឋានតំបន់ឆ្ងាយដាច់ស្រយាលជួបគ្រោះរីងរាំងស្ងួតនៅរដូវប្រាំង ខ្វះទឹកប្រេីប្រាស់។ នេះបើយោងតាមការបញ្ជាក់ពីលោក ជិន ប៊ុនធឿន នាយករង រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងព្រះករុណា ព្រះមហាក្សត្រកម្ពុជា តែងតែប្រោសប្រទានព្រះរាជទ្រព្យដល់កាកបាទក្រហមកម្ពុជា ជារៀងរាល់ខែ ត្រីមាស ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា និងក្នុងឱកាសផ្សេងៗដែលជាការបន្តទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។
ប្រជាពលរដ្ឋបានសម្តែងនូវភាពសប្បាយរីករាយ និងមានកិត្តិយសដ៏ឧត្តុង្គឧត្តមក្រៃលែង ដោយបានទទួលនូវសមិទ្ធផល ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងបានប្តេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សា នូវព្រះរាជអំណោយទាំងអស់នេះ ប្រើប្រាស់ឱ្យបានគង់វង់យូរអង្វែង និងសូមថ្វាយនូវអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ ដល់ប្រជារាស្ត្រនៅទូទាំងកម្ពុជា ៕
ដោយ ៖ សហការី