ខេត្តកំពង់ឆ្នាំង៖ សេចក្តីរាយការណ៍ពីពលរដ្ឋភូមិស្ទឹងស្ងួតបង្ហើបឱ្យដឹងថា បទល្មើសនេសាទកំពុងតែបញ្ចេញសកម្មភាពយ៉ាងគគ្រឹកគគ្រេងដោយពុំកោតញញើតសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានឡើយ។ បទល្មើសទាំងនោះមានដូចជាដាក់សម្រាស់, របាំងអួនសាច់ញឹក, អួនសាច់ញឹកកៀរចាប់ត្រី ហើយពុំនោះសោតគឺធ្វើសកម្មភាពនៅក្នុងតំបន់បឹងអភិរក្សទួលចារ ស្ថិតនៅក្នុងភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ប្រភពព័ត៌មានឱ្យដឹងថា ការដាក់សម្រាស់ទ្រង់ទ្រាយធំមានចំនួន២កន្លែង ក្នុងនោះមួយកន្លែងត្រូវបានហ៊ុមចាប់ត្រីរួចហើយ។ រីឯមួយកន្លែងទៀតនៅរង់ចាំឱកាសហ៊ុមចាប់បន្តទៀត។ ដោយឡែកការធ្វើសកម្មភាពអូសអួនរុញចវ៉បានប្រព្រឹត្តទៅយ៉ាងគគ្រឹកគគ្រេង ដឹកចេញតាមម៉ូតូឬគោយន្តមកដាក់លើរថយន្តកូរ៉េនៅពេលយប់យ៉ាងគឃ្លើន ។ សកម្មភាពនេះត្រូវបានប្រជាពលរដ្ឋដាក់ការសង្ស័យថា មានការត្រូវរ៉ូវគ្នាបើកភ្លើងខៀវពីលោក ជួន ផង់ ប្រធានសហគមន៍ស្ទឹងស្ងួតតែម្តងទើបក្រុមជនល្មើសទាំងនោះហ៊ានធ្វើសកម្មភាពយ៉ាងគឃ្លើនបែបនេះ ។
ប្រភពមួយផ្សេងទៀតបានឱ្យដឹងថា ក្រុមអ្នកប្រព្រឹត្តបទល្មើសនៅចំណុចបឹងអភិរក្សទួលចារនេះសុទ្ធសឹងជាសាច់ញាតិខ្សែស្រឡាយនិងបក្ខពួករបស់លោកជួន ផង់ ប្រធានសហគមន៍ស្ទឹងស្ងួត ទើបមានឫទ្ធិអំណាចអាចធ្វើសកម្មភាពបែបនេះបាន ហើយថែមទាំងយកទូកបាឡា និងសម្ភារផ្សេងៗទៀតដែលជារបស់រួមនៅក្នុងសហគមន៍យកទៅប្រើប្រាស់ជាមធ្យោបាយក្នុងការប្រព្រឹត្តបទល្មើសទៀតផង ។ សកម្មភាពបទល្មើសនេះត្រូវបានប្រជាពលរដ្ឋសម្តែងនូវការសោកស្តាយនិងរិះគន់យ៉ាងខ្លាំងចំពោះការបំពេញការងាររបស់លោក ជួន ផង់ ក្នុងនាមជាប្រធានសហគមន៍មិនបានជួយថែរក្សាធនធានក្នុងសហគមន៍របស់ខ្លួន បែរជាធ្វើមិនដឹងមិនឮសម្ងំដេកលក់ឈឹង តែម្តង។
ពាក់ព័ន្ធករណីនេះ អ្នកសារព័ត៌មានយើងបានទាក់ទងរាយការណ៍និងសុំការបកស្រាយពីលោក ជួន ផង់ ប្រធានសហគមន៍ស្ទឹងស្ងួត តែបានត្រឹមតែពាក្យឆ្លើយទាំងគំរោះគំរើយមិនទទួលខុសត្រូវនិងយកចិត្តទុកដាក់ចំពោះផលប្រយោជន៍ក្នុងសហគមន៍មកវិញថា ចង់ធ្វើអីក៏ធ្វើទៅ។
ដោយឡែក លោក គីម ហេង នាយសង្កាត់រដ្ឋបាលជលផលកំពង់ត្រឡាចបានប្រាប់ឱ្យដឹងថា ករណីនេះលោកមិនបានដឹងទេព្រោះរវល់ចូលឆ្នាំ ។
សូមបញ្ជាក់ផងដែរថា ប្រជានេសាទបានបង្ហើបថា ករណីបទល្មើសនៅក្នុងបឹងអភិរក្សទួលចារនេះគឺកើតមានខួបប្រាំងខួបវស្សាជាប់គ្នារដឹក ហើយមិនតែប៉ុណ្ណោះតំបន់មេទឹកផ្សេងៗទៀតក្រោមការគ្រប់គ្រងរបស់លោក ជួន ផង់ ក៏ចាប់ផ្តើមមានការបូមពង្រីងទឹកចាប់ត្រីយ៉ាងគឃ្លើនដែរដែលសកម្មភាពនេះជាប្រពៃណីទៅហើយ ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាចស្នើសុំទៅលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទឱ្យធ្វើការបោះឆ្នោតដោះដូរអ្នកដឹកនាំសហគមន៍សាជាថ្មី ព្រោះលោកជួន ផង់ មានតួនាទីជាប្រធានសហគមន៍គ្រប់គ្រងដែនអភិរក្សបែរជាឱ្យមានបទល្មើសក្នុងតំបន់របស់ខ្លួនទៅវិញ។
លោក វ៉ន ស៊ីផា អភិបាលស្រុកកំពង់ត្រឡាច មេត្តាជួយយកឈ្មោះបុគ្គល លោកជួន ផង់ ប្រធានសហគមន៍នេសាទភូមិស្ទឹងស្ងួតមកដុសក្អែលផងទានកុំឱ្យប្រជាពលរដ្ឋរិះគន់ថា”កន្ទេលធំបន្លំដេក”។
ប្រជាពលរដ្ឋស្នើសុំលោកអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងលោកស៊ុន សុវណ្ណារិទ្ធ មេត្តាជួយធ្វើអន្តរាគមន៍ឱ្យជំនាញពាក់ព័ន្ធគ្រប់ស្ថាប័នក្នុងខេត្តកំពង់ឆ្នាំងយកលោកជួន ផង់ ប្រធានសហគមន៍ភូមិស្ទឹងស្ងួតនេះមកដុសក្អែលតាមតួនាទីរបស់ខ្លួនដែលជាប្រធានសហគមន៍ផង៕
ដោយ៖ សហការី