ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាការងារទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៊ីដិ អគ្គសេនាធិការចម្រុះកងកម្លាំងស័្វយការពារជប៉ុន នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ តាមប្រព័ន្ធវីដេអូ ។
នៅក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៊ីដិ បានសម្លែងការស្វាគមន៍ដែលបានជួបពិភាក្សាការងារជាថ្មីម្ដងទៀត ក្នុងនាមនាយឧត្តមសេនីយ៍ ដែលទើបទទួលបានការតែងតាំងថ្មីជានាយសេនាធិការចម្រុះកងស្វ័យការពារជប៉ុន ហើយសង្ឃឹមថានឹងបន្តធ្វើកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅថែមទៀត។
នាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៊ីដិ បានលើកឡើងបញ្ហាមួយចំនួនពាក់ព័ន្ធដល់ស្ថានការណ៍បច្ចុប្បន្ននៅក្នុងតំបន់ ពិសេស តំបន់អាស៊ីប៉ាស៊ីហ្វិក ដោយអះអាងថា ចំណងមិត្តភាពរវាងជប៉ុន-កម្ពុជា មានកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងមានភាពរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។
នាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៊ីដិ បានបន្តថា កន្លងមកនេះ ជប៉ុននិងកម្ពុជា មានការសហការគ្នាល្អ ពិសេសលើការធ្វើលំហាត់សមយុទ្ធ ការផ្លាស់ប្ដូរគណៈប្រតិភូប្រទេសទាំងពីរ ការធ្វើនាវាចរណ៍ចូលចតនៅកំពង់ផែកំពង់ផែខេត្តព្រះសីហនុ និងកិច្ចសហការថែរក្សាសន្តិភាពពិភពលោក ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
នាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៊ីដិ បញ្ជាក់ថា ជប៉ុនមានបំណងក្នុងការជំរុញលើកិច្ចសហប្រតិបត្តិការកិច្ចការមនុស្សធម៌ និងការសង្គ្រោះគ្រោះមហន្តរាយ ដែលក្នុងពេលនេះជប៉ុនមានបំណងពង្រីកកិច្ចសហប្រតិបត្តិការទៅជាត្រីភាគី ដែលមានការចូលរួមពីកម្ពុជា វៀតណាម ឡាវ និងគ្រោងបង្កើតកម្មវិធីលំហាត់ក្នុងតំបន់ ហើយកម្ពុជាក៏ត្រូវអញ្ជើញឲ្យចូលរួមក្នុងលំហាត់នេះផងដែរ។
ក្នុងកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានធ្វើការគាំទ្រ និងចូលរួមជាមួយជប៉ុន ចំពោះកិច្ចសហប្រតិបត្តិការកិច្ចការមនុស្សធម៌ និងការសង្គ្រោះគ្រោះមហន្តរាយ ដែលមានការចូលរួមពីកងទ័ពកម្ពុជា វៀតណាម និងឡាវ ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានអះអាងពីការបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធថែមទៀត រវាងកម្ពុជា-ជប៉ុន
ដោយគាំទ្រឲ្យមានមូលដ្ឋានសេនានុព័ន្ធយោធាជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ជាមួយនោះ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ក៏បានស្នើសុំដល់ប្រទេសជប៉ុនបន្តជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ (និយាយរួម) និង (និយាយដោយឡែក) ដល់កងទ័ពជើងគោកកម្ពុជា៕
ដោយ ៖ សិលា