ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រាប់សារព័ត៌មាន ក្នុងស្រុក នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះថា «សូមស្វាគមន៍ចំពោះលោក យឹម ស៊ីណន សម្រាប់ការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាមការស្នើសុំរបស់លោក ហើយសង្ឃឹមថាលោក ស៊ីណន នឹងក្លាយជាធនធានមនុស្សរបស់គណបក្សប្រជាជនកម្ពុជាដ៏មានតម្លៃ»។
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍ចំពោះលោក យឹម ស៊ីណន អតីតមន្ត្រី នៃអតីតគណបក្សសង្គ្រោះជាតិ ដែលបានសម្រេចចិត្តក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ដោយសម្តេចសង្ឃឹមថា លោក យឹម ស៊ីណន នឹងក្លាយជាធនធានមនុស្សរបស់គណបក្សប្រជាជនកម្ពុជាដ៏មានតម្លៃទៀតផង ដើម្បីបម្រើប្រជាពលរដ្ឋ រួបរួមការពារ សន្តិភាព អភិវឌ្ឍន៍ប្រទេសជាតិ អោយមានការរីកចម្រើន ។
សូមបញ្ជាក់ថា, ការប្រកាសស្វាគមន៍របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីលោក យឹម សុណន នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ បានសរសេររៀបរាប់អំពីការឈឺចាប់ជាទីបំផុត ចំពោះទង្វើរបស់ក្រុមប្រឆាំង និងគោរពស្នើសុំសម្តេចតេជោចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។
គណបក្សប្រជាជនកម្ពុជា ពុំដែលចាត់ទុក គណបក្សនយោបាយ១ណាជាសត្រូវទេ សំខាន់អោយតែលើកតម្កល់ផលប្រយោជន៍ជាតិជាធំ ការពារ សន្តិភាព អភិវឌ្ឍន៍ ប្រទេសជាតិ ជួយប្រជាពលរដ្ឋ តាមមូលដ្ឋាន រួមសុខ រួមទុក្ខ ជាមួយគ្នា ចៀសវាងតែបង្កើតព័ត៌មានក្លែងក្លាយ ប្រព្រឹត្តដូច ទណ្ឌិតសមរង្ស៊ី ដែលជាជនក្បត់ជាតិបីជំនាន់ ជននេះមានចេតនាទុច្ចរិត បំផ្លាញសន្តិភាព បំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋ ប្រឌិតរឿងគ្រប់បែបយ៉ាង ដែលមិនមែនជាការពិត ដើម្បីទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត ៕
ដោយ ៖ សហការី