ព័ត៌មានទាន់ហេតុការណ៍៖

នេះមិនមែនជាពេលត្រូវពិភាក្សាពីរឿងអ៊ុយក្រែនចូលជាសមាជិករបស់ NATO ឡើយ

ចែករំលែក៖

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក បូរីស ភីស្ដូរៀស (Boris Pistorius) បានច្រានចោលចំពោះការសម្រេចចិត្តភ្លាមៗ ស្ដីពីសមាជិកភាពរបស់អ៊ុយក្រែន នៅក្នុងបក្សសម្ព័ន្ធយោធា NATO ដែលកំពុងផ្ដល់ជំនួយអាវុធដល់ទីក្រុងកៀវ ក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។
លោក ភីស្ដូរៀស ធ្វើការកត់សម្គាល់ខាងលើក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ ZDF កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ និងកើតឡើងក្រោយប្រមុខ NATO លោក Jens Stoltenberg បំពេញទស្សនកិច្ចជាលើកដំបូងដោយមិនបានប្រកាសឱ្យដឹងមុនទៅកាន់ប្រទេសអ៊ុយក្រែន។ ថ្លែងនាឱកាសនោះ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ រូបនេះបានគូសបញ្ជាក់ដូច្នេះថា «ទ្វារនៅតែបើកចំហ តែបច្ចុប្បន្នមិនមែនជាពេលត្រូវធ្វើការសម្រេចចិត្តនោះទេ ហើយអ៊ុយក្រែនយល់ដែរពីស្ថានភាពនៃការសម្រេចចិត្ត»។ លោក ភីស្ដូរៀស បានបន្ថែមថា ការសម្រេចចិត្តលើសមាជិកភាពរបស់អ៊ុយក្រែនមិនមែនត្រូវធ្វើឡើងគ្រាន់តែដោយសារសាមគ្គីភាពប៉ុណ្ណោះទេ តែវាក៏ទាមទារផងដែរនូវគុណសម្បត្តិគ្រប់គ្រាន់ និងការស្វាគមន៍យ៉ាងកក់ក្ដៅ។
បើតាមលោក បូរីស ភីស្ដូរៀស បញ្ហាសមាជិកភាព NATO របស់អ៊ុយក្រែន ឬសហភាពអឺរ៉ុប នឹងមិនត្រូវបានលើកយកមកពិភាក្សានោះទេនៅឯកិច្ចប្រជុំក្រុមទំនាក់ទំនងការពារអ៊ុយក្រែន (Ukraine Defence Contact Group) លើកទី៤ ដែលនឹងប្រព្រឹត្តទៅនៅមូលដ្ឋានទ័ពអាកាសអាមេរិក រ៉ុំាស្ដែន (Ramstein) ស្ថិតនៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់ នៅថ្ងៃសុក្រសប្ដាហ៍នេះ៕

ដោយ៖ ធីរីណា(រូបថត៖ Reuters )


ចែករំលែក៖