ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ៖ ខ្ញុំសូមចូលរួមអបអរសាទរចំពោះបងប្រុស ម៉ាណែត ទ្រង់ស្តេចសព្វព្រះរាជហរទ័យ ប្រោសព្រះរាជទានដំឡើងឋានន្តរស័ក្តិ “នាយឧត្តមសេនីយ៍” ជូនដល់បងប្រុស

ចែករំលែក៖

ភ្នំពេញ ៖ ខ្ញុំសូមចូលរួមអបអរសាទរចំពោះបងប្រុស ម៉ាណែត ក្នុងឱកាសដ៏វិសេសថ្លៃថ្លាដែល ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ស្តេចសព្វព្រះរាជហរទ័យ ប្រោសព្រះរាជទានដំឡើងឋានន្តរស័ក្តិ “នាយឧត្តមសេនីយ៍” ជូនដល់បងប្រុស។ 

នេះជាប្រសាសន៍ លើកឡើង របស់ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា  នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពី លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក ត្រូវបានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានបំពាក់ឋានន្តរស័ក្តិថ្នាក់ នាយឧត្តមសេនីយ៍ កាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ម្សិលមុិញ 

លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា, ការដំឡើងឋានន្តរស័ក្តិនេះ ពិតជាសាកសមបំផុតសម្រាប់កិច្ចខិតខំប្រឹងប្រែង និងការលះបង់ ពុះពាររបស់បងប្រុស ក្នុងការចូលរួមយ៉ាងសកម្ម និងសម្រេចស្នាដៃជាបន្តបន្ទាប់ក្នុងវិស័យការពារជាតិ នាពេលកន្លងមក ហើយក៏បានឆ្លុះបញ្ចាំងពីការផ្តល់សេចក្តីទុកចិត្តខ្ពស់ និងការគាំទ្រដល់បងប្រុសពីសំណាក់ថ្នាក់ដឹកនាំ ក្នុងការបន្តបំពេញភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជាផងដែរ។

សូមបញ្ជាក់ថា : នាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានបង្ហោះលើផេកផ្លូវការ កាលពីព្រឹកម្សិលមុិញថា , ធ្លាប់តែបំពាក់ឋានន្តរស័ក្តិជូននាយទាហាន នាយទាហានរង ពលទាហានរាប់ពាន់នាក់នៅក្នុងកងទ័ព ថ្ងៃនេះដល់វេនត្រូវបំពាក់ខ្លួនឯង។ 

ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតថ្លែងអំណរព្រះរាជគុណ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់ស្តេចសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានដំឡើងឋានន្តរស័ក្តិ “នាយឧត្តមសេនីយ៍” ដល់ទូលព្រះបង្គំជាខ្ញុំ។

ខ្ញុំសូមគោរពថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលបានផ្តល់ការទុកចិត្ត និងការគាំទ្រដល់រូបខ្ញុំ ដើម្បីបំពេញភារកិច្ចបម្រើជាតិនិងប្រជាជន ៕

ដោយ ៖ សិលា


ចែករំលែក៖