ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលឈ្មោះ បែល វ៉ាន់ដែត ដែលពាក់ព័ន្ធករណីដកកាំភ្លើងភ្ជង់អ្នកដទៃនោះ ត្រូវបានកម្លាំងជំនាញចាប់ខ្លួនបានហើយ បន្ទាប់ពីសម្តេចតេជោ ប្រតិកម្មចាត់ទុកថាជននេះព្រហើន !

ចែករំលែក៖

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា បានប្រាប់បណ្ដាញសារព័ត៌មាន  ឲ្យដឹងថា បុគ្គលឈ្មោះ បែល វ៉ាន់ដែត ដែលពាក់ព័ន្ធករណីដកកាំភ្លើងភ្ជង់អ្នកដទៃនោះ ត្រូវបានកម្លាំងជំនាញចាប់ខ្លួនបានហើយ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា, បុគ្គលឈ្មោះ បែល វ៉ាន់ដែត អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលបានដកកាំភ្លើងភ្ជង់អ្នកដទៃនោះ ត្រូវបានកម្លាំងនគរបាលរួមដៃគ្នាស្រាវជ្រាវឈានដល់ការចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ។

ប្រតិបត្តិការចាប់ខ្លួននេះ ធ្វើឡើងដោយកម្លាំងនាយកដ្ឋានកណ្ដាលសន្ដិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនសន្តិសុខ។

ការចាប់ខ្លួនជនទំនើងនេះ មន្ត្រីនគរបាលយុត្តិធម៌ អនុវត្តតាម ដីកាបង្គាប់ឲ្យចាប់ខ្លន របស់ លោក អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ។ 

-ជនត្រូវចោទឈ្មោះ បែល វ៉ន់ដេត ភេទប្រុស អាយុ ៣៨ ឆ្នាំ កើតថ្ងៃទី០៧ ខែមីនា  ឆ្នាំ១៩៨៥ ជនជាតិខ្មែរ សាសនាព្រះពុទ្ធ មុខរបរមន្ត្រីរាជការ ទីកន្លែងកំណើតនៅឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅផ្ទះលេខ០៨ (បុរីជីបម៉ុង៥៩៨) ផ្លូវលេខP០៤ ក្រុមទី៣ ភូមិ សង្កាត់ច្រាំងចំរោះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឪពុកឈ្មោះ បែល សុខុម “រស់” ម្តាយឈ្មោះ ឯក សៀងហាន “រស់” ប្រពន្ធឈ្មោះ សាលី ផល្លីន មានកូន០៣ នាក់ កំរិតវប្បធម៌រៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជានីតិជន ទោសពីមុនគ្មាន ។

ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងបទគំរាមកំហែងថានឹងសម្លាប់ ( កាន់កាំភ្លើងខ្លីម៉ាក GLOCK និងប្រើកាំភ្លើងគំរាមជនរងគ្រោះ) ប្រព្រឹត្តនៅចំណុចបុរីជីបម៉ុង៥៩៨ ផ្ទះលេខា៤១ ក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរោះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា ៤៩០ និងមាត ២៣៣) នៃក្រមព្រហ្មទណ្ឌ ។

សូមបញ្ជាក់ផងដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីម្សិលមិញបានប្រតិកម្មយ៉ាងខ្លាំង ទៅលើជនទំនើងរូបនេះ ថាព្រហើន ខណៈមានតួនាទីខ្ពង់ខ្ពស់ ប្រើប្រាស់អាវុធដ៏ខុសច្បាប់ និងគម្រាមទៅលើប្រជាពលរដ្ឋជាជនរងគ្រោះ ៕

ដោយ ៖ សិលា


ចែករំលែក៖