ព័ត៌មានទាន់ហេតុការណ៍៖

យកឆ្នាំងសាកទូរស័ព្ទដែលដាច់រលាត់ទៅសាកប៉ះនឹងរបងដែកបណ្ដាលឱ្យឆក់ស្លាប់

ចែករំលែក៖

ខេត្តកណ្ដាល ៖ បុរសម្នាក់បានយកឆ្នាំងសាកទូរស័ព្ទដែលដាច់រលាត់ទៅសាកបញ្ចូលថ្ម ដោយសារឆ្នាំងសាកមានសភាពដាច់រលាត់ប៉ះទៅនឹងរបងដែក បណ្ដាលឱ្យឆក់ស្លាប់ខណៈកំពុងដេកនៅក្នុងអង្រឹង ត្រង់ចំណុចដីឡូត៍ចំការស្វាយ ស្ថិតនៅក្នុងភូមិត្រពាំងកក់  ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល នៅវេលាម៉ោង ១៩និង១៥នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។

     មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះ‌ឈ្មោះ កែវ សាត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ  មានទីលំនៅភូមិឃុំកេីតហេតុខាងលេី។ 

     ប្រភពដដែលបន្តថា នៅវេលាម៉ោងកើតហេតុ ជនរងគ្រោះបានយកឆ្នាំងសាកទូរស័ព្ទរបស់ខ្លួន មកសាកដើម្បីបញ្ចូលថ្ម តែដោយសារតែឆ្នាំងសាករបស់ជនរងគ្រោះមានសភាពដាច់រលាត់ ក៏បានប៉ះទៅនឹងរបងដែក ហើយជនរងគ្រោះក៏ដេកក្នុងអង្រឹងដែលចងជាប់នឹងរបងដែកនោះ ហើយដៃម្ខាងប៉ះទៅនឹងរបងដែក បណ្ដាលឲ្យឆក់ស្លាប់តែម្ដង ។

     ក្រោយពីទទួលបានព័ត៌មានករណីមនុស្សឆក់ចរន្តអគ្គិសនីបណ្ដាលឲ្យស្លាប់ ភ្លាមនោះកម្លាំងនគរបាលជំនាញបានចុះទៅដល់កន្លែងកើតហេតុជាបន្ទាន់ ដោយពិនិត្យឃើញថា សាកសពដេកលេីអង្រឹង និងមានសភាពរឹង មានស្នាមដាច់រលាត់នៅត្រង់ដៃផ្នែកខាងស្តាំពីស្មាដល់កែងដៃ ،ស្នាមដាច់រលាត់ខ្មងជេីងផ្នែកខាងឆ្វេងប្រវែង១០cm។ ផ្អែកតាមការពិនិត្យរបស់គ្រូពេទ្យជនរងគ្រោះស្លាប់ដោយឆក់ចរន្តអគ្គិសនី ដោយសារខ្សែឆ្នាំងសាកមានការដាច់ជ័រ ហេីយប៉ះនិង សរសរដែក។ 

   បន្ទាប់ពីពិនិត្យរួច សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញប្រគល់ទៅឲ្យគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖