ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត ! អគ្គនាយករង នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល ដ៏ទំនើង ដែលដកកាំភ្លើងបើកឡានតាមភ្ជង់យុវជនម្នាក់ ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារហើយ !

ចែករំលែក៖

ភ្នំពេញ ៖ សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចបញ្ចប់តំណែងមន្ត្រីអាកាសចរស៊ីវិលម្នាក់នេះ ព្រោះតែការដកកាំភ្លើងភ្ជង់អ្នកដទៃរឿងស៊ីប្លេរថយន្ត។ មន្ត្រីអាកាសចរណ៍ស៊ីវិល ដែលសម្តេចតេជោ បានបញ្ចប់តំណែងនេះ ឈ្មោះ បែល វ៉ាន់ដែត ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ សម្តេចតេជោ ហ៊ុនសែន ក៏បានមានប្រសាសន៍ថា, ជននេះព្រហើន យកកាំភ្លើងភ្ជង់ជនស្លូតត្រង់ ។ 

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុនសែន បានបង្ហោះអនុក្រឹត្យបញ្ចប់មុខតំណែង ជាមួយការបញ្ជាក់បែបនេះ «បើតុលាការមិនចាត់ការតាមផ្លូវច្បាប់ទេទុកឱ្យខ្ញុំដាក់វិន័យតាមផ្លូវរដ្ឋសិន។ អាងមានអំណាចប្រើប្រាស់អាវុធគំរាម អ្នកទន់ខ្សោយ»។ សម្តេចតេជោ បន្ថែមថា «នេះជាសារព្រមានចំពោះមន្ត្រីទាំងអស់ សូមកុំអាងអំណាចធ្វើបាបអ្នកទន់ខ្សោយ ជាពិសេសសូមកុំប្រើប្រាស់អាវុធខុសច្បាប់»។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការ កុំឲ្យជនល្មើសប្រើប្រាស់អាវុធខុសច្បាប់ បាននៅក្រៅឃុំមុនពេលកាត់ទោស ដែលជននោះអាចតាមគំរាមកំហែងដល់អ្នកផ្សេងទៀត ។

សូមបញ្ជាក់ថា, នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ បុគ្គលឈ្មោះ បែល វ៉ាន់ដែត អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលបានដកកាំភ្លើងភ្ជង់អ្នកដទៃនោះត្រូវបានតុលាការ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារហើយ  ក្រោយកម្លាំងនគរបាលតាមចាប់តាមដីការបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ និងបញ្ជូនទៅកាន់តុលាការ។

សូមបញ្ជាក់ថា ប្រតិបត្តិការចាប់ខ្លួនបុគ្គលរូបនេះ បានធ្វើឡើងដោយកម្លាំងនាយកដ្ឋានកណ្ដាលសន្ដិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនសន្តិសុខ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ១៩៖៤០នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ជនរងគ្រោះឈ្មោះ ឆែ វណ្ណម៉ូលីវ័ន្ត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនិស្សិតបើករថយន្តចេញពីហូបអីនៅខណ្ឌទួលគោក សំដៅទៅផ្ទះនៅក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។ លុះពេលមកដល់ក្លោងទ្វារច្រកចូលបុរី ស្រាប់តែលោក បែល វ៉ាន់ដែត អាយុ ៣៨ឆ្នាំ បានឈប់រថយន្តនៅពីមុខមិនព្រមទៅមុខ។ ជនរងគ្រោះ រង់ចាំប្រហែល៥នាទី ទើបស៊ីប្លេរថយន្តមួយដង និងបើកភ្លើងហ្វាជាច្រើនដង រួចក៏វ៉ារថយន្តជនសង្ស័យទៅមុន។

ពេលនោះ លោក បែល វ៉ាន់ដែត បានបើកដេញតាមពីក្រោយរថយន្តជនរងគ្រោះ ដល់ចំណុចកើតហេតុ រួចជនសង្ស័យបានដកកាំភ្លើងខ្លីភ្ជង់ទៅលើជនរងគ្រោះ ពីក្នុង រថយន្ត ដោយសួរថា «មុនហ្នឹងស៊ីប្លេដាក់នរណា? រួចក៏បើកថយន្តគេចខ្លួនបាត់»។

ក្រោយមកសមត្ថកិច្ចបានឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ , តំណាងអយ្យការអម សាលាដំបូង រាជធានីភ្នំពេញ បានចេញដីកាសន្និដ្ឋានបញ្ជូនឲ្យស៊ើបសួរ។ ប៉ុន្តែចៅក្រមស៊ើបសួរ មិនបានចេញដីកាឃុំខ្លួនបណ្ដោះអាសន្ននោះឡើយ។ គ្រាន់តែដាក់ស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។ ស្មើនឹងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ។ 

ពាក់ព័ន្ធករណីនេះ សម្ដេចក៏មានវិធានការ បើតុលាការមិនចាត់ការតាមនីតិវិធី សម្ដេចមានសិទ្ធិក្នុងការ ដកមុខតំណែង ដើម្បីជាការគំរាមទៅកាន់មន្ត្រីរាជការដទៃទៀត។ មិនត្រូវប្រព្រឹត្តបទល្មើសប៉ះពាល់ចំពោះប្រជាពលរដ្ឋស្រុកត្រង់ឡើយ។

ពេលនេះមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ គាំទ្រចំពោះចំណាត់ការ របស់តុលាការ ហើយលើកហេតុផលថា, មានឋានះតួនាទីខ្ពង់ខ្ពស់ មានឡានទំនើបជិះ មានវីឡារស់នៅ ប៉ុន្តែខ្វះសេចក្តីថ្លៃថ្នូរ ប្រព្រឹត្តបទល្មើសខណៈដែលប្រទេសកម្ពុជាគ្រប់គ្រងដោយច្បាប់ ៕

ដោយ ៖ សហការី


ចែករំលែក៖