ខេត្តព្រៃវែង ៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នៅលើ facebook ផ្ទាល់ខ្លួន របស់លោក បានបង្ហោះ ពីការគាំទ្រ ចំពោះមន្ត្រីនគរបាលក្រោមឱវាទ លះបង់គ្រប់បែបយ៉ាង ដើម្បីបម្រើ ការពារប្រជាពលរដ្ឋ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព តាមមូលដ្ឋាន តែងប្រឈមនឹងហានិភ័យខ្ពស់ ដែលជនល្មើសបានប្រព្រឹត្តបំពានមកលើ ដោយមធ្យោបាយផ្សេងៗ។
លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានបង្ហោះយ៉ាងដូច្នេះថា, ក្មេងពាលបង្ហោះម៉ូតូក្នុងសាលាឆាន់ រួចរត់ដល់ផ្ទះដេញកាប់ម្តាយបង្កើត ពេលនគរបាលចុះជួយ ដេញកាប់នគរបាលរបួសធ្ងន់ស្ទើរអស់ជីវិត ។ បច្ចុប្បន្នក្មេងពាលត្រូវបានដាក់ទ្រុងត្រៀមបញ្ចូនទៅតុលាការ ។
លោកស្នងការលើកឡើងថា, សូមបងៗប្អូនៗមើលផង នេះហើយជីវិតពិតនគរបាលដែលស្រលាញ់ការងារ ហានិភ័យណាស់ ប៉ុន្តែប្រឹងធ្វើមិនចង់ឮពាក្យត្មះដៀលនោះទេ ជួនកាលអនុវត្តខុសតែបន្តិចជាប់ទ្រុងខ្លួនឯង…
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានប្តេជ្ញាថា, -ខ្ញុំជឿជាក់ថា នគរបាលទូទាំងខេត្តព្រៃវែងនឹងបន្តប្រឹងប្រែងដណ្តើមយកក្តីស្រលាញ់ពីប្រជាជនឱ្យខាងតែបាន ។
អ្នកខេត្តព្រៃវែង ទាំង១៣ក្រុង ស្រុក ត្រូវមានជំនឿលើការងារ របស់លោកស្នងការ ហ៊ាននិយាយ លោកធ្វើ ក្នុងរង្វង់ច្បាប់ ដើម្បីការពារ ប្រជាពលរដ្ឋ បោសសម្អាត បទល្មើស ទោះក្នុងកាលៈទេសៈ ណាក៏ដោយ ៕
ដោយ ៖ សិលា