ក្រុមកំពូលតារាង Premier League កាំភ្លើងធំ Arsenal រកបានគ្រាប់បាល់ចុងម៉ោងចំនួន២គ្រាប់ ខណៈដែលពួកគេបានវាយបកវិញដើម្បីតាមស្មើក្រុមភ្ញៀវ Southampton កាលពីរាត្រីថ្ងៃទី២១ មេសា។ វាជាការស្មើជាលើកទី៣ជាប់ៗគ្នាសម្រាប់ក្រុមកាំភ្លើងធំ ហើយឥឡូវនេះក្រុម Manchester City មាន៥ពិន្ទុតាមពីក្រោយ ប៉ុន្តែជាមួយនឹងការប្រកួត២ក្នុងដៃ និងធ្វើជាម្ចាស់ផ្ទះទទួលក្រុមកាំភ្លើងធំនៅកីឡដ្ឋាន Etihad នៅថ្ងៃពុធសប្តាហ៍ក្រោយ។
ក្រុម Southampton បានរកគ្រាប់បាល់នាំមុខ២គ្រាប់ត្រឹមតែ១៥នាទី នៅពេលដែល Carlos Alcaraz រកបាននៅនាទីទី១ ដោយកំហុសរបស់Aaron Ramsdale ខណៈគ្រាប់បាល់ទី២រកបានដោយ Theo Walcott នៅនាទីទី១៤។ ក្រុម Arsenal បានបណ្តោយឱ្យគ្រាប់បាល់លឿនបំផុតចំនួន២គ្រាប់នៅផ្ទះក្នុង Premier League នៅរដូវកាលនេះ។
ក្រោយពីកីឡាករ Theo Walcott រកបានគ្រាប់ទី២នាំមុខឲ្យ Southampton ហើយកីឡាករ Gabriel Martinelli បានស៊ុតបាល់១គ្រាប់តាមពីក្រោយវិញនៅនាទីទី២០។ ចូលដល់តង់ទី២ កីឡាករ Duje Caleta-Car របស់ Southampton បានស្ដារមុខមាត់ឡើងវិញដោយរកបាន១គ្រាប់ជាគ្រាប់ទី៣របស់ Southampton ប៉ុន្តែកីឡាករ Martin Odegaard និង Bukayo Saka រកបានម្នាក់១គ្រាប់វិញដើម្បីតាមស្មើនៅនាទីទី៨៨ និងនាទីទី៩០។
ក្រោយតាមស្មើរបស់ក្រុម Liverpool និង West Ham United សម្រាប់ក្រុមរបស់លោក Mikel Arteta គឺជាការប្រកួត៣ប្រកួតចុងក្រោយដោយទទួលបានលទ្ធផលស្មើទាំងអស់ ប៉ុន្តែនៅតែបន្តឈរកំពូលតារាងដោយលើសក្រុមលេខ២ចំនួន៥ពិន្ទុ។ រីឯក្រុម Southampton នៅតែឈរបាតតារាង និងមាន៣ពិន្ទុពីសុវត្ថិភាព ដោយពេលនេះបានបរាជ័យក្នុងការប្រកួតលីកចំនួន៧។
ស្របពេលដែល Arsenal ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការអវត្តមាន Granit Xhaka បានខកខានការប្រកួតនេះដោយសារជំងឺ ខណៈដែលខ្សែការពារសំខាន់ William Saliba នៅតែរបួស ហើយលទ្ធផលស្មើជាមួយក្រុម Liverpool និង West Ham បានបង្ហាញថា សម្ពាធអាចនឹងកើតមានចំពោះពួកគេក្នុងការប្រជែងដណ្តើមពាន ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)