ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២២ខែមេសាឆ្នាំ ២០២៣នេះកម្លាំងនគរបាលស្រុកប្រាសាទសំបូរបានកសាងសំណុំរឿងយុវជនម្នាក់បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំដើម្បីបន្តនីតិវិធីករណីយុវជនជាកូនប្រុសប្រើអំពើហិង្សាបណ្ដាលឱ្យម្ដាយរងរបួសធ្ងន់។
នោះពិតជាកូនប្រុសចោលម្សៀតមែនៗ ដោយសារតែខឹងម្តាយឪពុកជេរស្តីប្រដៅពីរឿងដើរលេងផឹកស៊ីមិនគិតជួយធ្វើការងារផ្ទះ ធ្វើឱ្យយុវជនជាកូនតិរច្ឆានផ្ទុះកំហឹងហ៊ានដេញវាយ ប្រតាយប្រតប់ជាមួយនឹងឪពុកបង្កើត ហើយទាញយកពូថៅគប់ទៅលើឪពុកតែបែរជាត្រូវចំម្តាយបណ្តាលឱ្យរងរបួសធ្ងន់។
ហេតុការណ៍ប្រទូស្តរ៉ាយនេះកើតឡើងនៅវេលាល្ងាចថ្ងៃទី ២១ ខែមេសា ២០២៣ ស្ថិតក្នងភូមិអន្លង់ស្លែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
លោកវរសេនីយ៍ឯក ឃួន វុទ្ធី អធិការនគរបាលស្រុកប្រាសាទសំបូរ បានឱ្យដឹងថា ករណីខាងលើនេះបង្កឡើងដោយកូនប្រុសបង្កើតឈ្មោះ វន វ៉ាង អាយុ២៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ក្រោយពីបង្កហិង្សារួចហើយ យុវជនខាងលើក៏រត់គេចខ្លួន ប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចចាប់ឃាត់បាន។
ដោយឡែកជនរងគ្រោះឈ្មោះ យ៉ឹម តេង ភេទស្រី អាយុ៥៧ឆ្នាំ (ម្តាយបង្កើតជនបង្ក) ត្រូវរបួសចំខ្នងប៉ែកខាងស្តាំមួយពូថៅបណ្ដាលឱ្យរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធី ៕
ដោយ៖ សូរិយា