ព័ត៌មានទាន់ហេតុការណ៍៖

កក្រើកសារព័ត៌មានថៃ ចាប់អារម្មណ៍នឹងវណ្ណដា ដែលផ្សាយពីជីវប្រវត្តិថែមទៀតក្រោយមានវត្តមានក្នុងតន្រ្តីយក្ស Rolling Loud

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការច្រៀងនៅប្រទេសថៃនៃកម្មវិធីមហោស្រពតន្ត្រីហ៊ីបហប់ Rolling Loud  ដែលកម្មវិធីនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ ១៥ ខែមេសា ឆ្នាំ២០២៣ នៅទីតាំង Legend Siam Pattaya ក្រុងប៉ាតាយ៉ា ដ៏គួរឱ្យភ្ញាក់ផ្អើល និងភាពអស្ចារ្យសម្រាប់អ្នកគាំទ្រ។ ជាកម្មវិធីដែលគ្រប់គ្រងដោយផលិតករអាមេរិក និងជាវេទិកាដ៏សម្បើមដែលសម្រាប់ឱ្យតែតារាចម្រៀងនិងតារារ៉េបកំពូលៗប៉ុណ្ណោះ ហើយនេះគឺជាលើកដំបូងដែលកម្មវិធីនេះត្រូវបានរៀបចំធ្វើឡើងនៅតំបន់អាស៊ីអាគ្នេហ៍ ហើយអ្វីដែលធ្វើឱ្យគេគ្រប់គ្នាភ្ញាក់ផ្អើលនោះគឺវត្តមានតារាចម្រៀងរ៉េបលេចធ្លោពីកម្ពុជា លោក វណ្ណដា ចូលរួម ។

   តារារូបនេះក៏បានចាត់ទុកថាជាឱកាសមាសពេជ្រនិងជាក្តីស្រមៃរបស់ខ្លួនក្នុងការឡើងបង្ហាញមុខ និងសមត្ថភាពក្នុងឆាកដ៏អស្ចារ្យមួយនេះ។ ក្រៅពីតារាតារាចមៀងនៃតំបន់អ៊ឺរ៉ុប អាមេរិក និងអាស៊ីក៏ប្រមូលផ្តុំដោយបុគ្គលឆ្នើមមានដូចជា Cardi B, Chris Brown និង Travis Scott ។ អ្វីដែលធ្វើឲ្យប្រជាជនថៃនិងសារព័ត៌មានរបស់ប្រទេសនេះចាប់អារម្មណ៍ខ្លាំងនោះគឺទៅលើសមត្ថភាពនិងការគាំទ្ររបស់តារាចម្រៀងពីកម្ពុជា លោក វណ្ណដា។ក្នុងចំណោមវីដេអូបង្ហាញមុខមុនកម្មវិធីចាប់ផ្តើមគេភ្ញាក់ផ្អើលជាខ្លាំងដែលវីដេអូរបស់តារាច្រៀងកម្ពុជាលោក វណ្ណដា ត្រូវបានចែករំលែក និងមានអ្នកចូលទស្សនាច្រើនដងវ៉ាដាច់អស់តារាល្បីៗឯទៀត។ ក្នុងនោះអ្នកគាំទ្រតារាចម្រៀងវណ្ណដានៅប្រទេសថៃក៏បានទាំងបញ្ចេញវីដេអូនៃការច្រៀង និងគាំទ្រតារាចម្រៀងរូបនេះផងដែរ។ សារព័ត៌មានថៃភ្ញាក់ផ្អើលនឹងវត្តមាន និងការគាំទ្រខ្លាំងទៅកាន់វណ្ណដាលើវេទិកានេះ ហើយក៏បានទាំងធ្វើការស្រាវជ្រាវរកប្រវត្តិតារាចម្រៀងរូបនេះមកធ្វើការផ្សព្វផ្សាយផងដែរ ដែលនេះគឺជាមោទកភាពមួយសម្រាប់កម្ពុជា។ 

គួរបញ្ជាក់ផងដែរថា វណ្ណដា កើតនៅ ថ្ងៃទី ២២ ខែ មករា ឆ្នាំ ១៩៩៧ នៅទីរួម ខេត្តព្រះសីហនុ ។ លោកបានចាប់ផ្តើមរៀនបង្កើតចង្វាក់ភ្លេង និងតែងនិពន្ធ ជាពិសេសនៅក្នុងឆ្នាំ ២០០៩ ។ លោកបានសម្រេចចិត្តមករស់នៅក្នុងទីក្រុងភ្នំពេញក្នុងអំឡុងឆ្នាំ២០១៤ ដើម្បីដើរតាមក្តីស្រមៃរបស់លោក ដែលចង់ក្លាយខ្លួនជាតារាចម្រៀងអាជីព។ នៅពេលមកដល់ភ្នំពេញមុនដំបូង វណ្ណដា បានស្នាក់នៅក្នុងវត្តហើយលោកគ្មានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួននោះទេ ជាមួយនឹងភាពអត់ធ្មត់ និងការតស៊ូដើម្បីសម្រេចនូវក្ដីសុបិនរបស់ខ្លួន លោកបានហាត់រៀនកាត់តសម្រួលតន្ត្រីជារៀងរាល់ថ្ងៃជាមួយមិត្តភក្តិរបស់លោក រហូតដល់អាចចេញនូវបទចម្រៀងលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ ២០១៦ ។ វណ្ណដា បានចាប់ផ្តើមការងារនៅក្នុងវិស័យសិល្បៈជាមួយនឹងបទចម្រៀងដំបូងរបស់លោក គឺបទ “គេជាអ្នកណា” ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងចំណោមស្រទាប់យុវវ័យនាពេលនោះ ។ក្នុងអំឡុងឆ្នាំ ២០១៧-២០១៨ វណ្ណដា បានបញ្ចេញនូវបទចម្រៀងពេញនិយមជាបន្តបន្ទាប់ បទរបស់លោកមានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់យុវវ័យក្នុងប្រទេសកម្ពុជា ។ក្នុងអំឡុងឆ្នាំ ២០១៩ វណ្ណដា បានចូលរួមជាមួយផលិតកម្មបារមី (Baramey Production) ហើយត្រូវបានមហាជនពិសេសអ្នកនិយមចូលចិត្តវិស័យតន្ត្រីខ្មែរ គាំទ្រនិងទទួលស្គាល់ចំពោះទេពកោសល្យព្រមទាំងសមត្ថភាពរបស់លោក។ លោកជាសិល្បករវ័យក្មេងមួយរូបដែលអាចនាំយកវិស័យចម្រៀងខ្មែរទៅកាន់ពិភពលោក៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖