ភ្នំពេញ ៖ លោក ហ៊ុន កុសល សកម្មជនក្រុមប្រឆាំង នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន និងបានសម្រេចអនុញ្ញាតឱ្យ ដោយស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ បន្ទាប់ពីឃុំខ្លួនអស់រយៈពេល១ខែ ក្នុងបទប្រមាថអង្គព្រះមហាក្សត្រ និងញុះញង់។
លោក ហ៊ុន កុសល ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដំណាលគ្នាជាមួយ លោក យឹម ស៊ីណន កាលពីថ្ងៃទី២១ ខែមីនា ហើយត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស បន្ទាប់ពីអ្នកទាំងពីរបានបង្ហោះសារបែបញុះញង់ប្រមាថតាមបណ្តាញសង្គមពាក់ព័ន្ធនឹងព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។
លោក ហ៊ុន កុសល និងលោក យឹម ស៊ីណន ត្រូវបានតុលាការចោទប្រកាន់២បទល្មើស រួមមានបទៈ ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៣៧ (ស្ទួន) នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ក្រោយមក លោក ហ៊ុន កុសល ត្រូវបានតុលាការអនុញ្ញាតឱ្យនៅក្រៅឃុំ បន្ទាប់ពីលោក បានចេញវីដេអូសុំព្រះរាជទានទោសពីព្រះមហាក្សត្រ និងសុំខមាទោសពីសម្តេចតេជោ ហ៊ុន សែន។
ការសម្រេចឱ្យ លោក ហ៊ុន កុសល នៅក្រៅឃុំនេះ ក៏បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក យឹម ស៊ីណន និងគ្រួសារ ចូលជួបសម្តេច នៅគេហដ្ឋាន នាក្រុងតាខ្មៅផងដែរ ក្រោយមានសំណើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា, លោកស្រី យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបួងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យដោះលែង លោក ហ៊ុន កុសល នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ។ ដោយបង្គាប់ :
ឲ្យប្រធានមណ្ឌលអប់រំកែប្រែទី១(ម១) នៃក្រសួងមហាផ្ទៃ ដោះលែងជនត្រូវចោទឈ្មោះ ហ៊ុន កុសល ភេទប្រុស កើតថ្ងៃទី១០ ខែមេសាឆ្នាំ១៩៨២ ជនជាតិខ្មែរ មុខរបរ អ្នកនយោបាយ ទីកន្លែងកំណើតនៅភូមិតូច ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅផ្ទះលេខ៤២ (បុរីគឹមធី) ផ្លូវលេខ១ ភូមិកាកាប សង្កាត់ កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជានីតិជន នៅលីវ ឪពុកឈ្មោះ ហ៊ុន ឆេង “រស់” គីម ស៊ីថា “ស្លាប់” ទោសពីមុន-គ្មាន។ ម្តាយឈ្មោះ
ដែលត្រូវបានឃុំខ្លួនតាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ ២៤៣៤ “វ” ដ.ឃ. ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ប្រសិនបើឈ្មោះនេះ មិនត្រូវបានឃុំខ្លួនពីបទល្មើសផ្សេងទៀតទេ។
មួយរយៈនេះ សកម្មជនរបស់គណបក្សប្រឆាំង រួមទាំងក្រុមយុវជនដែលប្រឆាំងនឹងរាជរដ្ឋាភិបាលផងដែរ បានចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ ព្រមទាំងបានធ្វើការអំពាវនាវ កុំឱ្យប្រជាពលរដ្ឋ ក្រុមយុវជនដែលជាទំពាំងស្នងឬស្សី កុំជឿទៅលើកលល្បិចបោកប្រាស់ របស់ ទណ្ឌិត ជនក្បត់ជាតិសមរង្ស៊ី ៕
ដោយ ៖ សិលា