ខេត្តបន្ទាយមានជ័យ ៖ មានហេតុការណ៍ទុស្សេចរន្តអគ្គិនីនៅបង្គោលភ្លើងបង្កឱ្យមានការភ្ញាក់ផ្អើលដល់ទាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋកាលពីព្រឹកវេលាម៉ោងប្រមាណជាង៦ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នៅមុខហាងជួសជុលនិងលក់ទិញទូរស័ព្ទដៃ ចំណុចផ្លូវបំបែកជា៤ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ពលរដ្ឋអ្នកឃើញហេតុការណ៍និយាយថា ការឆាបឆេះនៅមុខហាងជួសជុលនិងលក់ទិញទូរស័ព្ទដៃគេឃើញមានពលរដ្ឋនិងអាជ្ញាធរក្នុងមូលដ្ឋានមកជួយពន្លត់ ហើយក្នុងស្ថានការណ៍នោះដែរមានរថយន្តឯកជន(រថយន្តដឹកទឹកលក់)មកជួយបាញ់ពន្លត់ទាន់ពេលវេលា ខណៈរថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចមិនទាន់មកដល។ ប្រភពបន្តថា គេឃើញមានកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនិងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែតរួមជាមួយអាជ្ញាធរក្រុងប៉ោយប៉ែតនិងកម្លាំងអគ្គិសនីអង្គរក្រុងប៉ោយប៉ែត កម្លាំងយោធាចុះជួយធ្វើអន្តរាគមន៍ពន្លត់អគ្គីភ័យឆេះបង្គោលភ្លើងនោះដែររហូតស្ថានភាពបានរលត់ទាំងស្រុងទៅវិញ។
សមត្ថកិច្ចប្រាប់ថា ស្ថានការណ៍ខាងលើនោះមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត្តពលរដ្ឋណាម្នាក់ឡើយ ហើយទំហំនៃការឆាបឆេះខាងលើនោះមិនបណ្ដាលឲ្យខូចខាតទ្រព្យសម្បតិពលរដ្ឋនោះទេ ប៉ុន្តែបង្គោលភ្លើងនិងខ្សែភ្លើងនៅកន្លែងកើតហេតុខូចខាតស្ទើរទាំងស្រុង ហើយពេលនេះបុគ្គលិកក្រុមហ៊ុនកំពុងជួសជុលឡើងវិញ៕
IMG_9746 IMG_9745 IMG_9744 IMG_9743
ដោយ ៖ វណ្ណា