ព័ត៌មានទាន់ហេតុការណ៍៖

ខឹងគេមិនសងលុយ៤០ម៉ឺនយកកាំបិតខ្វែវកាប់បណ្តាលឱ្យរងរបួសយ៉ាងដំណំ

ចែករំលែក៖

ខេត្តកណ្ដាល៖ ផ្ដើមចេញពីការជំពាក់លុយថ្លៃស៊ីឈ្នួលចំនួន៤០ម៉ឺនរៀល ជនសង្ស័យជាកូនឈ្នួលបានយកកាំបិតខ្វែវកាប់ទៅលើបុរសជាម្ចាស់បំណុល បណ្ដាលឲ្យរងរបួសយ៉ាងដំណំ។ ករណីនេះបានកើតឡើងនៅថ្ងៃទី២៣ ខែមេសា​ ឆ្នាំ២០២៣ វេលាម៉ោង ១៧និង៣០នាទី​ នៅចំណុចបឹងក្រពេី ភូមិបឹងក្រចាប់ត្បូង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ​ វ៉ុន សៅ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិបឹងក្រចាប់ត្បូង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល របួសរយះចេញឈាមលេីស្នាខាងស្តាំមួយកន្លែង​ និងរបួសរយះលេីថ្លេីមដៃខាងឆ្វេងមួយកន្លែង​។  ចំណែកជនសង្ស័យឈ្មោះ​ យឿន​ ឈាន​ ហៅស្វិត ភេទប្រុស អាយុ៣០ឆ្នាំ សញ្ជាតិ​ខ្មែរ​ ជនជាតិ​ខ្មែរ​ មុខរបរ​កសិករ​​ មានទីលំនៅភូមិព្រៃចាស់​ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល​ ។

ប្រភពដដែលបន្តថា កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ ជនរងគ្រោះ​បានជួលជនសង្ស័យមកមេីលម៉ាស៉ីនបូមទឹកស្រះចាប់ត្រីឱ្យខ្លួនដោយឲ្យថ្លៃឈ្នួលក្នុងមួយថ្ងៃ ៤ម៉ឺនរៀល​ រយះពេល១០ថ្ងៃ​ ហេីយជនរងគ្រោះមិនបានឱ្យលុយទៅជនសង្ស័យទេ​ សរុបទាំងអស់៤០ម៉ឺនរៀល​ ។ លុះមកដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង​៨និង០០នាទី​ ជនរងគ្រោះ​បានទៅបូមទឹកស្រះនៅចំណុចបឹងក្រពេី​ ភូមិបឹងក្រចាប់ត្បូង​ ឃុំព្រែកតាមាក់​ដេីម្បីចាប់ត្រីលក់​ រហូតដល់វេលាម៉ោង១៧.៣០នាទី​ ថ្ងៃដដែល​ ជនសង្ស័យ​បានកាន់កាំបិតខ្វែវមួយនៅនឹងដៃ​ ដេីរទៅទារលុយពីជនរងគ្រោះនៅកន្លែងចាប់ត្រីនោះ​ ពេលទៅដល់ជនសង្ស័យស្រែកទារលុយពីជនរងគ្រោះ​ដែលជំពាក់ខ្លួន​ ពេលនោះជនរងគ្រោះឆ្លេីយថា ចាំចាប់ត្រីលក់សិនចាំសង​ តែជនសង្ស័យមិនព្រមនៅតែស្រែកទា​រ ក៏មានទំនាស់ពាក្យសម្តីជាមួយគ្នា​។ បន្ទាប់មកជនសង្ស័យយារកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះ​ត្រូវចំលេីស្នាខាងស្តាំរបួសមួយកន្លែង​ និងត្រូវចំថ្លេីមដៃខាងឆ្វេងរបួសមួយកន្លែង​។ ជនរងគ្រោះ​ស្ទុះយកដំបងវាយជនសង្ស័យវិញ​ ត្រូវចំមេដៃខាងស្តាំ​ និងត្រូវចំគុម្ពត្រចៀកខាងឆ្វេង​ ទេីបជនសង្ស័យរត់គេចខ្លួនបាត់ ។​ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ​ ។

​   ក្រោយមកកម្លាំងប៉ុស្តិ៍នគរបាលព្រែកតាមាក់​ និងកម្លាំងប៉ុស្តិ៍នគរបាលវិហារសួគ៌​បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ​ រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល​បន្តអនុវត្តតាមនីតីវិធី​ ៕

ដោយ៖ស្អាង ជ័យ


ចែករំលែក៖