ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានលោតពីលើអគារខុនដូជាន់ទី១០ស្លាប់ភ្លាមៗក្រោយប្រតិបត្តិការរបស់នគរបាលប្រឆាំងគ្រឿងញៀនចុះបង្ក្រាបឃាត់ខ្លួនមនុស្សបានចំនួន៦នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានលោតពីលើអគារខុនដូជាន់ទី១០ស្លាប់ភ្លាមៗ ក្រោយប្រតិបត្តិការរបស់កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិចុះប្រតិបត្តិការបង្ក្រាបករណីប្រើប្រាស់និងជួញដូរសារធាតុញៀននៅចំណុចខុនដូមួយកន្លែងមានឈ្មោះ រាជសម្បតិ្ត និងឃាត់ខ្លួនមនុស្សប្រុសស្រីបានចំនួន៦នាក់ព្រមទាំងដកហូតវត្ថុតាងសារធាតុញៀនចំនួន ១៤កញ្ចប់និងទឹកសម្រាប់លាយមួយដប។

    ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៣និង ០នាទីទាបភ្លឺឈានចូលថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៣ នៅចំណុចខុនដូមួយកន្លែងមានឈ្មោះ រាជសម្បតិ្ត ស្ថិតនៅជាន់ទី១០ ផ្លូវលេខ៥៩២ កែងផ្លូវលេខ៥៩៦ ក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

   ជនសង្ស័យទាំង៦នាក់រួមមាន៖ ទី១- ឈ្មោះ លី សុជាតា ភេទស្រី អាយុ២២ឆ្នាំជនជាតិខ្មែរ។ ទី២-ឈ្មោះ សូ ពិសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ។ ទី៣ -ឈ្មោះ អ៊ួន រ៉ូត ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរ។ ទី៤-ឈ្មោះ ឆេង សុខឡេង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ។ ទី៥-ឈ្មោះ មុំ ភារុន ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ។ទី៦-ឈ្មោះលូវ យៀកស៉ី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ។ ចំណែកសពឈ្មោះ លាង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ។

   ប្រតិបត្តិការនេះ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនការិយាល័យក១ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក លីន ឡេង នាយករងមន្ទីរប្រឆាំងគ្រឿងញៀនដែលមានការសម្របសម្រួលដោយលោក ស៊ន មុនី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះប្រតិបត្តិការត្រួតពិនិត្យនៅចំណុចខុនដូយីហោរាជសម្បត្តិនៅជាន់ទី១០ បន្ទប់លេខ១០០៥ ផ្លូវលេខ៥៩៦ ភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដោយឃើញមានមនុស្សប្រុសស្រីចំនួន៧នាក់នៅក្នុងបន្ទប់និងឆែកឃើញវត្ថុតាងមានម្សៅប្រភេទខេចំនួន ១កញ្ចប់, ម្សៅក្រាមពណ៌សថ្លាប្រភេទគ្រឿងញៀនចំនួន១៤ កញ្ចប់និងទឹកសម្រាប់លាយមួយដប។

   ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការនេះស្រាប់តែមានជនរងគ្រោះម្នាក់ដែលស្លាប់នោះបានគេចខ្លួនពីក្នុងបន្ទប់ ហើយសរសៀ ប្រើដៃតោងផ្លោះមកបន្ទប់ជាប់គ្នា ប៉ុន្តែរបូតដៃធ្លាក់ចុះមកក្រោមចំរថយន្តមួយគ្រឿងបណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។

    បច្ចុប្បន្នមនុស្សប្រុសស្រីចំនួន ៦នាក់ រួមទាំងវត្ថុតាងត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនចាត់ការតាមនីតិវិធី។ចំណែកឯសពរបស់ជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចផ្នែកកោសល្យវិច័យធ្វើការពិនិត្យរួចបញ្ជូនទៅវត្តស្ទឹងមានជ័យរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ៕IMG_9734 IMG_9727 IMG_9726 IMG_9733


ចែករំលែក៖